[ទីផ្សារបរទេស] យោងតាមគេហទំព័រ MotorTrend បានបង្ហាញឡើងនូវរូបភាពប៉ាតង់ដែលទើបចេញថ្មី ដែលបានបង្ហាញថារថយន្តអគ្គិសនីរបស់ Apple កំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍។
ជាក់ស្តែង ចំពោះគម្រោងរថយន្តរបស់ Apple គឺមិនមែនជារឿងថ្មីទេ ប៉ុន្តែព័ត៌មានអំពីរថយន្តនេះនៅតែជាអាថ៌កំបាំង សម្រាប់អ្នកដែលចាប់អារម្មណ៍ និងចង់ដឹងចង់ឃើញ ដោយវាមានរយៈពេលប៉ុន្មានឆ្នាំហើយ ចាប់តាំងពីការប្រកាសគម្រោងនេះ ចាប់តាំងពីឆ្នាំ ២០១៦មក ហាក់ដូចជាព័ត៌មាននៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhoneនេះ មានការឡើងចុះ។
ប៉ុន្តែនៅពេលនេះ អ្វីៗហាក់ដូចជាខិតទៅជិតការពិតក្នុងការអាចអោយគេដឹងបន្តិចម្តងៗអំពីរថយន្តនោះ បន្ទាប់ពីឃើញនូវរូបភាពប៉ាតង់អំពីដំបូលកញ្ចក់ Sunroof ដែល Apple បានចុះនៅឆ្នាំ២០១៦ និងមានការកែលម្អឡើងវិញនៅឆ្នាំ២០២០ ដែលធ្វើអោយប្រសើរឡើងនូវបច្ចេកវិទ្យា ដែលអាចធ្វើការបើកឡើង និងអាចលៃតម្រូវពន្លឺ និងភាពងងឹតបាន ដោយអាស្រ័យទៅលើលក្ខខណ្ឌស្ថានភាពជាក់ស្តែង។
បើនិយាយអំពីកញ្ចក់ Electrochromic នេះ គេធ្លាប់បានឃើញនូវបច្ចេកវិទ្យានេះនៅលើរថយន្ត Ferrari 574 Superramerica limited Edition ក្នុងឆ្នាំ២០០៥ និងនៅលើរថយន្ត Mercedes ដែលមានឈ្មោះថា Magic Sky Control ដែលអាចធ្វើការតម្លើង និងបន្ថយពន្លៃនៃដំបូលកញ្ចក់នោះ បើទោះបីជាកញ្ចក់មិនបើកឡើងក៏ដោយ។
ចំពោះអត្ថប្រយោជន៍នៃកញ្ចក់ Electrochromic គឺថាវាអាចត្រូវបានផ្លាស់ប្តូរដើម្បីទប់ស្កាត់កំដៅខណៈពេលដែលរក្សាបាននូវកម្រិតខ្ពស់នៃតម្លាភាព។ នៅរដូវក្តៅដើម្បីការពារការស្រូបយកកំដៅពីខាងក្រៅកញ្ចក់នឹងមានពណ៌ថ្លា។ ក្នុងរដូវរងារ ដើម្បីទទួលបានកំដៅកាន់តែច្រើនពីព្រះអាទិត្យដើម្បីធ្វើឱ្យកាប៊ីនកាន់តែក្តៅ កញ្ចក់នឹងប្រែជាងងឹត។
បន្ថែមពីនេះរូបភាពប៉ាតង់នេះក៏បានបញ្ជាក់ផងដែរថា ដំបូលដំបូលនៃរថយន្តអគ្គិសនី Apple អាចរុញបើកបានដោយមានលំនាំដូចនឹងបង្អួចចំហៀង។ គួរបញ្ជាក់ផងដែរថា គេមិនច្បាស់ទេថាតើការរចនានេះនឹងត្រូវបានអនុវត្តទៅម៉ូដែលនាពេលអនាគតឬអត់ ខណៈពេលរថយន្តរបស់ Apple ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២៥៕