[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda នឹងធ្វើការដាក់បញ្ចេញរថយន្ត Honda CR-V ជំនាន់ទី ៦ ថ្មីចុងឆ្នាំនេះ ខណៈពេលរថយន្តនេះកំពុងបើកបរសាកល្បងជាមួយការបិទបាំងតួខ្លួន។
តាមរូបភាពលើឯកសាប៉ាតង់ និងរូបភាពប្រទះឃើញសម្រាប់ម៉ូឌែលឆ្នាំ២០២៣នេះ គឺអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតួខ្លួនត្រូវបានផ្លាស់ប្តូរទៅជាទំហំធំជាងមុន និងបានបំពាក់នៅប៉ាណាមុខថ្មី តួរថយន្តមើលទៅមានលក្ខណៈស្ព័រជាងមុន ចង្កៀងមុខ LED រាងស្លីម, ផ្លាស់ប្តូរទីតាំងនៃកញ្ចក់ចំហៀង ព្រមទាំងផ្នែកខាងក្រោយត្រូវបានឌីស្សាញឡើងវិញទាំងស្រុងដែលនឹងមកជាទម្រង់ ៣ជួរ កៅអី៧។
ខណៈផ្នែកខាងក្នុងមិនត្រូវបានបង្ហាញ ជាការពិតណាស់ រថយន្តនេះត្រូវបានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ធំជាងមុន និងប្រព័ន្ធឌីជីថលថ្មី ភាគច្រើនប្រហែលជាខ្ចីពី HONDA CIVIC និងHR-V។ ក្នុងនោះ ក្រុមហ៊ុន Honda បានបញ្ជាក់ថា ប្រព័ន្ធកំសាន្តថ្មីនឹងដំណើរការរួមគ្នាជាមួយ Google ដើម្បីគាំទ្រការភ្ជាប់ Voice Assistant របស់ Google ដែលដំណើរការឡើងនៅក្នុង Display Audio, Google Maps និង Google Play in-car app។
គួរឲ្យដឹងថា រថយន្ត CR-V ថ្មីនឹងមិនមែនជារថយន្តអគ្គិសនី ១០០% នោះទេ ប៉ុន្តែនឹងផ្តល់ជូនម៉ាស៊ីនប្រភេទ Plug-in Hybrid ក្រោម e:PHEV ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត RAV4 Prime របស់ក្រុមហ៊ុន Toyota និងរថយន្ត Ford’s Escape PHEV ។
សម្រាប់ផ្នែកម៉ាស៊ីនវិញ រថយន្ត CR-V ថ្មី នេះនឹងអាចប្រើប្រាស់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២១២ សេះ។ លើសពីនេះ ក្រុមហ៊ុនជប៉ុននឹងផ្តល់ជូននៅម៉ាស៊ីន hybrid ដូចគ្នាទៅនឹងប្រភេទបច្ចុប្បន្ន នៅលើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង Atkinson គួបផ្សំជាមួយនឹងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំង ២១២ សេះ ថាមពលត្រូវបានបញ្ជូនទៅកាន់កង់ខាងមុខ ឬទាំងបួនតាមរយៈប្រអប់លេខ e-CVT។ ប៉ុន្តែវានឹងនៅតែមានម៉ូដែលដែលមានម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ៤ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខដៃ CVT សម្រាប់ប្រភេទ FWD និង AWD លើម៉ូឌែល CR-V បច្ចុប្បន្ន៕