ជាទូទៅ ផ្លូវឡើងភ្នំ ឬនៅតំបន់ភ្នំ គឺសុទ្ធតែជាផ្លូវកោង ហើយចំណុចខ្លះទៀតមានផ្លូវកោងបត់បែនច្រើនសារ ឬហៅថាផ្លូវអន្ទង់អាំង ដែលអ្នកបើកបរអាចដឹងតាមរយៈផ្លាកសញ្ញាឲ្យប្រុងប្រយ័ត្ន ដូចក្នុងរូបនេះ។

ដូច្នេះ ដើម្បីបង្កើនសុវត្ថិភាពក្នុងការបើកបរនៅលើផ្លូវកោងបែបនេះ សូមអនុវត្តតាមច្បាប់ចរាចរណ៍ និងបច្ចេកទេសខាងក្រោមនេះ៖
១. ល្បឿនកំណត់ៈ អ្នកបើកបរត្រូវបើកក្នុងល្បឿន ដោយគោរពតាមផ្លាកសញ្ញាកំណត់ល្បឿន។
២. រក្សាជំហររថយន្តៈ មិនថា ផ្លូវខាងមុខ ជាផ្លូវកោងទៅស្តាំ ឬកោងទៅឆ្វេងឡើយ អ្នកបើកបរត្រូវរក្សាជំហររបស់រថយន្ត ឲ្យនៅក្នុងគន្លងរបស់ខ្លួនជានិច្ច។
៣. ចង្កូតរថយន្តៈ អ្នកបើកបរត្រូវបួងចង្កូតតិច ល្មម ឬខ្លាំង ទៅតាមស្ថានភាពរបស់ផ្លូវកោងនោះ។

៤. ចង្កឹះលេខៈ ប្រសិនបើបើកឡើងចំណោតរាងខ្ពស់ សម្រាប់រថយន្តប្រអប់លេខអូតូ គឺអាចប្តូរពីចង្កឹះលេខ D ចុះមក L ឬលេខ 2 ឬលេខ 1 ដើម្បីកុំឲ្យម៉ាស៊ីនប្រឹងខ្លាំងពេក ឬឡើងមិនរួចជាដើម។ ប្រសិនបើចុះចំណោតខ្លាំង ក៏គួរប្រើលេខទាបបែបនេះផងដែរ ដើម្បីជួយទប់ល្បឿនរថយន្ត ចៀសវាងប្រើហ្វ្រាំងតែមួយមុខ ដែលឆាប់ឲ្យខូចស្បែកហ្វ្រាំង។
៥. ហាមវ៉ាជែងៈ នៅលើផ្លូវកោងដែលអ្នកមិនអាចមើលឃើញពីឧបសគ្គខាងមុខ គឺមិនអាចឡើងវ៉ាជែងទាំងប្រថុយនោះទេ។ អ្នកបើកបរត្រូវគោរពជាប់ជានិច្ចនូវផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ដែលហាមឃាត់ការវ៉ាជែង។

៦. ស៊ីផ្លេ ឬវ៉ៃញាក់ភ្លើងហ្វាៈ អ្នកបើកបរ អាចចុចស៊ីផ្លេបន្ថែមនៅចំណុចកោង ពេលថ្ងៃ ឬវ៉ៃញាក់ភ្លើងហ្វាពេលយប់ ដើម្បីផ្តល់សញ្ញា ឲ្យអ្នកមកទិសផ្ទុយបានដឹងផងដែរ។
៧. ពេលមានភ្លៀងធ្លាក់ ឬចុះអ័ព្ទៈ ពេលបើកបរនៅតំបន់ភ្នំ អាចនឹងជួបបញ្ហាអាកាសធាតុ ដូចជាមានភ្លៀងធ្លាក់ ឬចុះអ័ព្ទជាដើម ដែលអ្នកបើកបរអាចបើកភ្លើងកូត ឬអំពូលកាត់អ័ព្ទ ដើម្បីធ្វើជាសញ្ញាសម្រាប់យានយន្តដទៃ៕
















