[បរទេស] កាលពីពេលថ្មីៗនេះ តុលាការក្នុងប្រទេសថៃបានសម្រេចថា ក្រុមហ៊ុន Toyota ប្រចាំនៅប្រទេសថៃ ត្រូវតែបង់ពន្ធបន្ថែមចំនួន ២៧១,១១ លានដុល្លារ បន្ទាប់ពីខ្លួនបាននាំចូលគ្រឿងបន្លាស់ដែលមិនត្រូវបានកាត់បន្ថយពន្ធ។
យោងរតាមរបាយការណ៍របស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុន Toyota បាននាំចូលគ្រឿងបន្លាស់ពីប្រទេសជប៉ុននៅពេលផលិតរថយន្ត Prius នៅប្រទេសថៃរវាងឆ្នាំ ២០១០ និង ២០១២។ នៅឆ្នាំ ២០១៩ តុលាការបានសំរេចថាគ្រឿងបន្លាស់ដែលនាំចូលទាំងនេះគួរតែត្រូវបានចាត់ទុកជា “knock-down kit” ដែលមានន័យថាពួកគេត្រូវបង់អត្រាពន្ធ ៨០% ធៀបនឹងពន្ធ ៣០% សម្រាប់គ្រឿងបន្លាស់រថយន្តក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ថៃ (JTEPA)។
ក្នុងខែនេះ តុលាការកំពូលរបស់ប្រទេសថៃបានតម្កល់សាលក្រមឆ្នាំ ២០១៩។ ក្នុងនោះ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនបាននឹងកំពុងបង់ពន្ធទាបដោយផ្អែកលើ JTEPA សម្រាប់គ្រឿងបន្លាស់ ប៉ុន្តែបានបញ្ជាក់ថា ខ្លួននឹងគោរពតាមសេចក្តីសម្រេចចុងក្រោយនេះ។ ពន្ធនេះជំពាក់លើរថយន្ត Prius ជាង ២០ ០០០ គ្រឿងដែលត្រូវបានផលិតនៅរោងចក្រ Gateway របស់ Toyota ។
នៅក្នុងយុគសម័យដែលរថយន្តប្រើថាមពលអគ្គីសនីនឹងក្លាយជារថយន្តដ៏ពេញនិយម ហើយត្រូវបានគេដឹងថារថយន្ត Prius ជំនាន់ទី ៥ ជិតបង្ហាញខ្លួន ដោយត្រូវបានគេអះអាងថារថយន្តជំនាន់ថ្មីនេះនឹងផ្អែកលើគ្រោងឆ្អឹង Europe-specific E3 platform ដែលរួមបញ្ចូលគ្នានៅស្ថាបត្យកម្ម GA-C architecture នៃរថយន្ត Corolla និង C-HR ជាមួយនឹងស្ថាបត្យកម្មអគ្គិសនី bZ។ ហើយក្រុមហ៊ុន Toyota ជឿជាក់ថារថយន្តប្រភេទ Plug-in hybrid នឹងដើរតួយ៉ាងសំខាន់សម្រាប់រយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ៕