កាលពី ២ខែមុននៅពេលដែលរថយន្តអគ្គិសនី Smart #1 បានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយពាក្យចចាមរ៉ាមដែលថា Smart នឹងសហការជាមួយ Brabus ក្នុងការផលិតនូវម៉ូឌែលដែលមានថាមពលកម្លាំងខ្លាំង។ ឥឡូវនេះ រថយន្តដ៏មានថាមពលនេះក៏កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្ត Chengdu នៅចុងខែនេះ ជាមួយឈ្មោះ Smart #1 Brabus ផលិតត្រឹមចំនួន ២ ០០០គ្រឿង និងមានតម្លៃចាប់ពី ៣៧ ៥៥០ដុល្លារ។
ផ្នែកខាងក្រៅត្រូវបានទទួលនូវការអាប់ដេតថ្មីអោយកាន់តែស្ព័រ និងស៊ីវីល័យ ជាមួយការលេងតួរខ្លួន ២ពណ៌ និងបានបំពាក់ថ្មីជាមួយ ថាសកង់ប្រភេទអាលុយមីញ៉ូមទំហំ ១៩អ៊ីញ, កាងខ្យល់, Diffuser, តែមជំហៀង, កាងខាងមុខ និងសំណាញ់ប៉ាណាឌីស្សាញថ្មី។ ចំណែកផ្នែកខាងក្នុងបានប្រើប្រាស់នូវពណ៌ខ្មៅ លាយក្រហម និងស្រោបដោយស្បែក Alcantara/leather ជាមួយឡូហ្គូ Brabus នៅលើកៅអី និងដៃចង្កូត, ភ្ជាប់មកជាមួយឈ្នាន់ស្ព័រផងដែរ, កុងទ័របង្ហាញប្រភេទឌីជីថលទំហំ ៩,២អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ។
ក្រុមហ៊ុនមិនបានបង្ហាញពីលក្ខណៈជាក់លាក់នៃថាមពល និងដំណើរការនោះទេ ដែលទាំងនេះទំនងជាកើតឡើងនៅពេលដែលវាបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី ២៦ ខែសីហា។ ប៉ុន្តែបើតាមរបាយការណ៍បង្ហាញថា ម៉ូទ័រខាងមុខ/ខាងក្រោយ នឹងអាចផលិតកម្លាំងបាន ៤២២សេះ ជាមួយនឹងល្បឿនកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧ វិនាទី។
ខណៈពេលដែលម៉ូដែល Smart #1 ស្តង់ដារត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយដែលផ្តល់កម្លាំង ២៦៨សេះ និងកម្លាំងបង្វិល ៣៤៣ញ៉ូតុនម៉ែត្រ អាចជួយឱ្យរថយន្តរត់បានពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៦,៧ វិនាទី។ ចំណែកម៉ូឌែលរបស់ Brabus ទទួលបានម៉ូទ័រខាងមុខបន្ថែម ដោយម៉ូទ័រសរុបចំនួនពីរ និងផ្តល់នូវការបើកបរកង់ទាំង៤។
បន្ថែមជាមួយនឹងការកើនឡើងនៃថាមពលកម្លាំង វាប្រហែលនឹងទទួលបានអាគុយដែលមានសមត្ថភាពធំជាងអ្វីដែលមានបំពាក់នៅលើម៉ូឌែលធម្មតា ដែលអាចជាអាគុយលីចូម-អ៊ីយ៉ុង ៦៦គីឡូម៉ែត្រម៉ោង ដែលអាចជួយអោយរថយន្តបើកបរបានចម្ងាយ ៤៤០គីឡូម៉ែត្រនៅពេលសាកពេញម្តង (បើយោងតាមការតេស្តនៅលើ WLTP) ។
គួរបញ្ជាក់ផងដែរថា នៅលើរថយន្តស្តង់ដារ ការសាកថ្មដល់ទៅ ៨០% ចំណាយពេល ៧ ម៉ោងកន្លះ ដោយប្រើដុំសាក AC ៧,៥ គីឡូវ៉ាត់ ប៉ុន្តែម៉ូដែលអ៊ឺរ៉ុបអាចទ្រទ្រង់ការសាកថ្ម AC ដល់ទៅ ២២គីឡូវ៉ាត់ ដែលប្រើពេល ៣ ម៉ោង និងការល្បឿនលឿន DC ១៥០គីឡូវ៉ាត់ ប្រើពេល ៣០ នាទីប៉ុណ្ណោះ៕