តើធ្វើដូចម្តេចដើម្បីថែទាំម៉ាស៊ីនអោយរក្សាបានអាយុកាលយូរអង្វែង? (មានវីដេអូ)

ជាពិតណាស់ម៉ាស៊ីនរថយន្តប្រៀបដូចជាគ្រឿងក្នុងរបស់យើងដូចគ្នាដែរ កាលណាយើងទាំងអស់គ្នា យកចិត្តទុកដាក់ និងថែទាំបានល្អ វានឹងជួយបង្កើនអាយុកាលយើងទាំងអស់គ្នាអោយរស់នៅបានយូរអង្វែង រីឯម៉ាស៊ីរថយន្តក៏ដូចគ្នាដែរ កាលណាយើងទាំងអស់គ្នា យកចិត្តទុកដាក់ និងថែទាំបានល្អវាធ្វើអោយវាមានអាយុកាលប្រើប្រាស់បានយូរ នៅតែមានថាមពលពេញលេញក្នុងដំណើរ។ ចុះសំណួរសួរថា តើធ្វើដូចម្តេចដើម្បីថែទាំម៉ាស៊ីនអោយរក្សាបានអាយុកាលយូរអង្វែង? បាទខាងក្រោមនេះគឺជាចម្លើយមួយចំនួនដែលក្រុមការងារ ខេមបូអូតូ នឹងលើកមកបង្ហាញជូនបងប្អូនទាំងអស់គ្នា។

  • ផ្លាស់ប្តូរប្រេងម៉ាស៊ីនអោយបានទៀងទាត់៖ ត្រូវធ្វើការផ្លាស់ប្តូរទៅតាមការកំណត់ចាប់ពី ៥០០០គីឡូម៉ែត្រ ឬ ៣ខែ វាអាស្រ័យលើការបើកបររបស់អ្នកជិតឬឆ្ងាយ ពីព្រោះប្រេងម៉ាស៊ីនជាផ្នែកមួយដែលជួយរំអិលផ្នែកខាងក្នុងទាំងអស់របស់ម៉ាស៊ីន បើប្រេងមិនល្អវាជាហេតុនាំឲ្យម៉ាស៊ីនកើតមានសំឡេងខ្លាំង រំញ័រ ឬខូចម៉ាស៊ីនតែម្តង។
  • ប្ដូរ​ប្រេង​ប្រអប់​លេខ​ និង​តម្រង​ប្រេង៖ រថយន្ត​ស៊េរី​ថ្មី​ភាគ​ច្រើន​​ប្រើ​ប្រអប់​លេខ​ដែល​បិទ​ជិត​ ហើយ​រោងចក្រ​បាន​ណែនាំ​ថា​មិន​បាច់​ប្ដូរ​ប្រេង​ប្រអប់​លេខ​ ឬ តម្រង​ប្រេង​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​រថយន្ត​​ដែល​ផលិត​មុន​ឆ្នាំ ២០១៤ មាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ថា​​គួរ​តែ​ប្ដូរ​ប្រេង​ប្រអប់​លេខ​ និង​តម្រង​ប្រេង​ក្នុង​ប្រអប់​លេខ​ម្ដង នៅ​ពេល​ជិះ​បាន​ចម្ងាយ​ ៨ ម៉ឺន​គីឡូម៉ែត្រ។
  • ត្រួតពិនិត្យលើទឹកស្អំម៉ាស៊ីន៖ ជាផ្នែកសំខាន់ក្នុងការស្រូបទាញកម្តៅចេញពីម៉ាស៊ីន បើយើងធ្វើផ្លាស់ប្តូរទឹកស្អំបានត្រឹមត្រូវនិងមានគុណភាព ធ្វើអោយម៉ាស៊ីនដំណើរការបានល្អ មិនប៉ះពាល់ដល់គ្រឿងបង្គុំរបស់ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីននោះទេជាពិសេសមុនពេលចេញដំណើរការទៅក្រៅ យើងត្រូវពិនិត្យចំពោះកម្រិតទឹកក្នុងធុងទឹកអោយបានត្រឹមត្រូវ ជៀសវាងខ្វះទឹកដែលនាំឲ្យម៉ាស៊ីនឡើងកម្តៅខុសធម្មតា។
  • ផ្លាស់ប្តូរតម្រង់ខ្យល់៖ ការផ្លាស់ប្តូរតម្រងខ្យល់ទៀងទាត់ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះម៉ាស៊ីនរថយន្ត តួរយ៉ាងដូចជា ជួយបន្ថែមអាយុកាលម៉ាស៊ីន និងកាត់បន្ថយការកកស្ទះប្រព័ន្ធបញ្ចេញផ្សែង ដោយវាដើរតួនាទីក្នុងការច្រោះយក កំទេចដី និងសារធាតុកខ្វក់ ដែលអាចចូលមកបំផ្លាញផ្នែកផ្សេងៗនៃគ្រឿងម៉ាស៊ីនដូចជា ស៊ីឡាំង និងពីស្តុង ធ្វើឲ្យប្រព័ន្ធបញ្ចេញផ្សែងដំណើរការមិនបានត្រឹមត្រូវ មានបញ្ហាដល់ម៉ាស៊ីនរថយន្តផងដែរ។
  • ត្រួតពិនិត្យទៅលើខ្សែពាន៖ ខ្សែពានត្រូវបានបែងចែកជា២ប្រភេទគឺ ខ្សែពានប្រភេទអូសទាញ វាមានតួរនាទីក្នុងការអូសទាញចលនាបង្វិលលើគ្រឿងបង្គុំដូចជា បូមទឹក ឌីណាម៉ូ កង្ហារធុងទឹក កុំប្រេស័រ ជាដើមក្នុងការប្រទាក់ពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀត ដើម្បីអោយម៉ាស៊ីនដំណើរការល្អ។ រីឯមួយប្រភេទទៀតគឺប្រភេទតម្រូវតង់ភ្ជាប់ចលនាបង្វិលពីឡាបអាកាមនៅក្បាលគុយឡាស មក វីឡឺប្រឺកាំងនៅប្លុកស៊ីឡាំងដែលនៅលើខ្សែរពាននេះមានបំពាក់គម្លាតធ្មេញដើម្បីកំណត់រយៈពេលនៃការបិទបើករបស់ស៊ូប៉ាប់ខ្យល់និងស៊ូប៉ាប់ភ្លើង។ ក្នុងករណីបើសិនខ្សែរពានណាមួយមានបញ្ហាវានឹងបង្ហាញចេញជាសំលេងក្នុងរថយន្ត ហើយវាធ្វើអោយម៉ាស៊ីនឡើងកម្តៅ និងបូមចង្កូតមិនដំណើរការផងដែរ ដូច្នេះអ្នកគួរត្រួតពិនិត្យអោយបានទៀងទាត់ និងផ្លាស់ប្តូរវាចេញរៀងរាល់ ៤០ ០០០ម៉ាយ៍ ឬ​៣ឆ្នាំម្តង។
  • កុំព្រងើយកន្តើយចំណោះភ្លើងសញ្ញាត្រួតពិនិត្យនៅលើកុងទ័របង្ហាញ៖ ជាធម្មតានៅពេលមានបញ្ហា ឬ មានលក្ខណៈខុសធម្មតាណាមួយ កើតឡើងលើប្រព័ន្ធមួយចំនួនលើរថយន្ត ឧបករណ៍ចាប់សញ្ញា ឬ សេនស័រនៃប្រព័ន្ធនោះនឹងបញ្ជូនទិន្នន័យផ្សេងៗទៅកាន់ប្រព័ន្ធបញ្ជា ដើម្បីវិភាគកំហូច ហើយវានឹងបញ្ជូនព័ត៌មាននោះមកកាន់ផ្ទាំងកុងទ័របង្ហាញជាភ្លើងសញ្ញាអោយអ្នកបើកបរបានឃើញតួរយ៉ាង។

  • ភ្លើងសញ្ញាសីតុណ្ហភាពរបស់ម៉ាស៊ីនមានន័យថាម៉ាស៊ីនរបស់អ្នកគឺឡើងកំដៅខុសធម្មតា ដែលតម្រូវអោយអ្នកធ្វើការត្រួតពិនិត្យជាបន្ទាន់
  • ភ្លើងសញ្ញាប្រេងម៉ាស៊ីនមានន័យថាម៉ាស៊ីនរថយន្តរបស់អ្នកខ្វះ ឬ លើសប្រេងម៉ាស៊ីន ឬសម្ពាធប្រេងម៉ាស៊ីនតិចពេក ដោយសារស្ទះតម្រង
  • ភ្លើងសញ្ញា ម៉ាស៊ីនរថយន្តមានន័យថាផ្នែកណាមួយនៃម៉ាស៊ីនរថយន្តត្រូវបានខូចឬមិនដំណើរការ
  • ត្រួតពិនិត្យ និងផ្លាស់ប្តូរប៊ូស៊ី៖ ប៊ូស៊ី គឺមានមុខងារក្នុងការបញ្ឆេះល្បាយខ្យល់ ឬប្រេងឥន្ធនៈនៅក្នុងបន្ទប់ចំហេះ ដើម្បីបង្កើតជាចលនាបង្វិលអោយម៉ាស៊ីនដំណើរការ និង ផ្ទេរកំដៅចេញពីបន្ទប់ចំហេះ ដើម្បីការពារការកើនកំដៅក្នុងបន្ទប់ចំហេះ ផ្កាភ្លើងតូចៗដែលប៊ូស៊ីនីមួយៗផ្តល់ឲ្យគឺរាល់ពេលដែលពីស្តុងធ្វើដំណើការដល់ចំណុចជិតផុតលើ ក្នុងការចាំបាច់ដើម្បីបញ្ឆេះល្បាយខ្យល់និងប្រេងឥន្ធនៈ កាលណានៅពេលដែលប៊ូស៊ីខូច មានប្រេះដំណើរការម៉ាស៊ីនរថយន្តនឹងមានបញ្ហា ដែលបណ្តាលមកពីការដុតល្បាយប្រេងមិនបានល្អទេ ដូច្នេះអ្នកគួរត្រួតពិនិត្យអោយបានទៀងទាត់ និងផ្លាស់ប្តួរចេញនៅពេលមានសញ្ញាណាមួយកើតឡើងដូចជា៖
  • ពិបាកបញ្ឆេះរថយន្ត
  • ម៉ាស៊ីនបាត់ចំហេះ
  • ល្បឿនម៉ាស៊ីនខុសធម្មតា
  • ការបង្កើនល្បឿនខ្សោយមិនស្ទុះ
  • និងក្លិនប្រេងឥន្ធនៈចេញពីផ្សែងម៉ាស៊ីនខ្លាំង។
  • លាងសម្អាតម៉ាស៊ីនរថយន្ត៖ ស្តាប់ទៅដូចជាមិនសមហេតុផល ប៉ុន្តែអ្នកដឹងទេធូលីដី កម្អែល និងសារធាតុគីមីកខ្វក់ ដែលតោងស្អិតជាប់នៅលើម៉ាស៊ីនមិនត្រឹមតែធ្វើឲ្យមើលទៅមានសភាពចាស់នោះទេ តែវាថែមទាំងបណ្តាលឲ្យប៉ះពាល់ដល់គ្រឿងម៉ាស៊ីនបន្តិចម្តងៗ ដែលធ្វើអោយម៉ាស៊ីនរថយន្តមានអាយុកាលខ្លីផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម