
ប្រព័ន្ធអគ្គិសនីរបស់រថយន្ត ឬយើងហៅថា ប្រព័ន្ធភ្លើង គឺជាបណ្តាញនៃគ្រឿងបង្គុំដែលបង្កើត ផ្ទុក និងចែកចាយថាមពលអគ្គិសនី ទៅជាថាមពលដើម្បីប្រតិបត្តិការរថយន្ត។ គ្រឿងបង្គុំ និងតួនាទីរបស់ប្រព័ន្ធភ្លើងរួមមានដូចខាងក្រោម៖

១. អាគុយៈ វាជាកន្លែងផ្ទុកថាមពល ដែលទូទៅ វាជាអាគុយ ១២វ៉ុល។

២. ដុំដេរៈ វាទាញយកថាមពលពីអាគុយ ដើម្បីដំណើរការម៉ាស៊ីន។

៣. ឌីណាម៉ូៈ នៅពេលម៉ាស៊ីនដំណើរការ ឌីណាម៉ូ ជាអ្នកបម្លែងថាមពលមេកានិចដែលចេញពីម៉ាស៊ីន ទៅជាថាមពលអគ្គិសនី ដោយផ្តល់ភ្លើងដល់រថយន្តទាំងមូល និងសាកអាគុយវិញផងដែរ។

៤.ហ្វ៊ុយស៊ីប និងរ៉ឺឡេៈ វាជាឧបករណ៍សុវត្ថិភាពដាក់ក្នុងប្រអប់មួយ ដើម្បីជួយបញ្ចៀសនូវករណីណាមួយមានថាមពលអគ្គិសនីបុកខ្លាំងជ្រុល ដែលអាចប៉ះពាល់ទៅដល់ផ្នែកផ្សេងៗ។

៥. ប្រព័ន្ធ ECU: វាជាខួរក្បាលរថយន្ត ដែលគ្រប់គ្រងប្រព័ន្ធផ្សេងៗរបស់រថយន្ត ដូចជា ការដំណើរការម៉ាស៊ីន, ប្រព័ន្ធហ្រ្វាំង ABS, ប្រព័ន្ធពោងសុវត្ថិភាព. ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធកម្សាន្តជាដើម។

៦. ខ្សែភ្លើង និង Connector: វាជាអ្នកភ្ជាប់ និងផ្ទេរថាមពលដល់គ្រឿងបង្គុំរថយន្ត។

៧. ប្រព័ន្ធបញ្ឆេះ: ប្រព័ន្ធនេះរួមមាន ម៉ូប៊ីន និងប៊ូស៊ី។ ក្នុងនោះម៉ូប៊ីន ជាអ្នកបម្លែងថាមពលអាគុយដែលមានត្រឹម ១២វ៉ុល ទៅដល់ចន្លោះពី ២ម៉ឺន ដល់ ១០ម៉ឺនវ៉ុល ដើម្បីផ្តល់ឲ្យប៊ូស៊ី អាចបាញ់ផ្កាភ្លើងដុតល្បាយខ្យល់ និងល្បាយសាំង នៅក្នុងបន្ទប់ចំហេះនៃម៉ាស៊ីនរថយន្ត៕
























