
នៅពេលនិយាយដល់រថយន្តដែលប្រធានាធិបតីប្រទេសមហាអំណាចប្រើប្រាស់សម្រាប់បំពេញដំណើរទស្សនកិច្ចផ្លូវការ មនុស្សជាច្រើនច្បាស់ជានឹកឃើញទៅដល់រថយន្ត The Beast ដែលជារថយន្តរបស់ប្រធានាធិបតីអាមេរិកមុនគេជាមិនខាន ក៏ប៉ុន្តែបើនិយាយពីរថយន្ត Hongqi N701 ដែលប្រធានាធិបតីចិនប្រើប្រាស់ក្នុងពេលបច្ចុប្បន្នវិញ បងប្អូនខ្លះក៏មិនទាន់បានដឹងផងដែរ។
ដូចនេះ ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតមួយចំនួនអំពីរថយន្តមួយនេះ៖

Hongqi N701 វាគឺជារថយន្តលីមូស៊ីន (Limousine) កម្រិតកំពូលដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២២ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់ទីក្រុងហុងកុង។ រថយន្តនេះ ត្រូវបានផលិតឡើងយ៉ាងសម្ងាត់បំផុតសម្រាប់តែថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិនតែប៉ុណ្ណោះ និងមិនមានលក់នៅលើទីផ្សារឡើយ។
បើយោងតាមប្រភពសារព័ត៌មានល្បីៗ រថយន្តនេះ គឺត្រូវបានរចនាជាមួយសមត្ថភាពការពារយ៉ាងពិសេស។ វាត្រូវបានបំពាក់ដោយពាសដែកកម្រិតយោធា កញ្ចក់ការពារគ្រាប់ និងកង់ប្រភេទ Run-flat ដែលអាចរត់បន្តបានទោះត្រូវគ្រាប់ ឬបែកក៏ដោយ។ លក្ខណៈពិសេសរបស់វា គឺអាចការពារការវាយប្រហារពីគ្រាប់កាំភ្លើង ការផ្ទុះពីគ្រាប់បែក និងសូម្បីតែការវាយប្រហារដោយអាវុធគីមី។

ងាកទៅផ្នែកម៉ាស៊ីនវិញ រថយន្ត Hongqi N701 នេះ គឺត្រូវបានគេជឿថាបានប្រើនូវម៉ាស៊ីនប្រភេទ V12 ចំណុះ ៦.០ លីត្រ ដែលមានកម្លាំងប្រហែល ៤០៨ សេះ ឬម៉ាស៊ីន V8 Turbocharged ។
សម្រាប់ទំហំ និងទម្ងន់របស់វា គឺមានប្រវែងប្រហែល ៥.៥ម៉ែត្រ និងមានទម្ងន់ធ្ងន់ជាង ៣តោន ដោយសារគ្រឿងដែកការពារដ៏ក្រាស់។ ម្លោះហើយ រថយន្ត Hongqi N701 នេះ គឺត្រូវបានគេប្រសិទ្ធនាមថាជា “Rolls-Royce របស់ចិន” ៕


















