តើរថយន្តអគ្គិសនីជាតិដំបូងរបស់ម៉ាឡេស៊ី អាចជា​ Game Changer សម្រាប់រថយន្តប្រភេទនេះ​នាពេលអនាគតដែរទេ?

កាលពីដើមខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមហ៊ុន Perodua ដែលជាប្រេន​រថយន្តម៉ាឡេស៊ី បាន​បញ្ចេញរថយន្តរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតគឺម៉ូឌែល QV-E ហើយក៏ជារថយន្តអគ្គិសនី​ជាតិទីមួយរបស់ប្រទេសនេះផងដែរ ដែលអភិវឌ្ឍពេញលេញ​រាប់ចាប់តាំងពីការឌីហ្សាញ រហូតដល់ការផលិត។

យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍ជាងនេះទៀតនោះ គឺរថយន្តអគ្គិសនីនេះ ត្រូវបានលក់ដាច់ដោយឡែកពីគ្នារវាងរថយន្ត និងអាគុយ ពោលគឺរថយន្ត QV-E នេះ មានតម្លៃតែជាង ១១០០០ដុល្លារតែប៉ុណ្ណោះ ចំណែកអាគុយវិញ ត្រូវជួលរយៈពេល ៩ឆ្នាំ ដោយបង់ជាប្រចាំខែ ក្នុងនោះ ១ខែត្រូវបង់ប្រហែល ៦៧ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រង់ចំណុចនេះហើយ ដែលរថយន្ត QV-E អាចជាអ្នកផ្លាស់ប្តូរបរិបទទីផ្សារ ឬជា Game Changer នៃរថយន្តអគ្គិសនី​នាពេលអនាគត ព្រោះការលក់រថយន្ត និងអាគុយ ដាច់ដោយឡែកពីគ្នាបែបនេះ បានផ្តល់ផលប្រយោជន៍ និងទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់។

មនុស្សភាគច្រើនបំផុត បានបារម្ភខ្លាំងទៅលើការធ្លាក់គុណភាពអាគុយបន្ទាប់ពីប្រើរយៈពេលប៉ុន្មានឆ្នាំ ដែលជាកត្តាធំមួយ ធ្វើឲ្យពួកគេ​រារែក​ក្នុងការសម្រេចចិត្តទិញ​រថយន្តប្រភេទនេះមកប្រើប្រាស់។ ការធ្លាក់ចុះគុណភាពអាគុយ នឹងកាត់បន្ថយចម្ងាយបើកបរ សាកថ្មយឺតជាងមុន ហើយបើប្តូរអាគុយថ្មីក៏មានតម្លៃថ្លៃដែរ និងជាពិសេសចង់លក់វិញ គឺ​បានថោក។

ចំណុចនេះហើយដែលក្រុមហ៊ុនម៉ាឡេស៊ី Perodua បានរកឃើញគន្លឹះដោះស្រាយដ៏ល្អបំផុតមួយ គឺ​ការជួលអាគុយវិញ ដោយបានផ្តល់ប្រយោជន៍ដូចខាងក្រោមនេះ៖

-ក្រុមហ៊ុនជាអ្នកធានាសុខភាព និងគុណភាពរបស់អាគុយ។ ប្រសិនបើស្ថានភាពអាគុយធ្លាក់ក្រោម ៧០% នោះក្រុមហ៊ុនជាអ្នកប្តូរជូនថ្មីដោយឥតគិតថ្លៃតែម្តង ក្នុងអំឡុងពេលជួល ៩ឆ្នាំនេះ។

-ការបង់ថ្លៃជួលប្រចាំខែសម្រាប់អាគុយ គឺគ្របដណ្តប់ទាំងអស់ លើការជួសជុល ការផ្លាស់ប្តូរ និងថ្លៃសេវាផ្សេងៗ។

-ការធានាលើអាគុយនេះ នឹងជួយបង្កើនតម្លៃរបស់រថយន្តនៅពេលចង់លក់វិញជាដើម។

សូមជម្រាបថា រថយន្ត QV-E បំពាក់អាគុយលីចូមផូស្វាត (LFP)  ទំហំ ៥២,៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយ ៤៤៥គីឡូម៉ែត្រ។ រថយន្តនេះ បំពាក់​ម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំង ២០១សេះ ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ៧,៥វិនាទី និងមានល្បឿនអតិបរមា ១៦៥គ.ម/ម៉ ដែលធ្វើឲ្យវាក្លាយជាម៉ូឌែលលឿនបំផុតក្នុងចំណោមរថយន្តរបស់ Perodua៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម