តើឡាន China Version និង Global Version ខុសគ្នាបែបណាខ្លះ? ហើយ China Version មានគុណសម្បត្តិ និងគុណវិបត្តិអ្វីដែរ?

សព្វថ្ងៃនេះ យើងសង្កេតឃើញថា ទីផ្សារឡានចិន ហាក់ដូចជាឡើងកូដខ្លាំងមែនទែន បើធៀបទៅកាលពីប៉ុន្មានឆ្នាំមុន។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ប្រទេសចិន ក្លាយជាប្រទេសទី ១ នៅលើលោកដែលគ្រប់គ្រងទីផ្សារឡានអគ្គិសនីបានច្រើនជាងគេ មិនថាការផលិត ឬលក់នោះឡើយ ដោយហេតុនេះ ប្រទេសផ្សេងៗដូចជាអាមេរិក ឬជប៉ុន គឺដេកមិនសូវលក់ប៉ុន្មានទេ ដោយសារតែចិនពេលនេះ មិនដូចពីមុនឡើយ ចំណែកក្រុមហ៊ុនវិញ ក៏រីកដូចផ្សិតផងដែរ។

ក្រឡេកទៅសំណួរដែលតែងតែត្រូវសួរវិញ ថាតើរវាងឡាន China Version និង Global Version គួរជ្រើសមួយណា ហើយមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះដែរ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ ចំពោះរថយន្តដែលលក់នៅក្នុងទីផ្សារបច្ចុប្បន្ន វាគឺមានការបែងចែកជា ២ ប្រភេទ ដោយមួយជា China Version និងមួយទៀតជា Global Version ។ ដោយសារតែការបែងចែកបែបនេះហើយ ទើបធ្វើអោយមនុុស្សមួយចំនួនមានចម្ងល់ថា តើរវាង Version ទាំង ២ ហ្នឹង មានភាពខុសគ្នាយ៉ាងដូចម្តេចខ្លះ?

ជាទូទៅ សម្រាប់ឡានដែលជា China Version គឺវាផលិតឡើងសម្រាប់លក់តែនៅក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។ វាមានភ្ជាប់មកកម្មវិធីចិន, Software ចិន, អក្សរចិន រួមជាមួយកម្មវិធីខ្លះ ជាអក្សរអង់គ្លេស ដែលប្លែកពី Global Version ដែលត្រូវបានផលិតឡើងសម្រាប់លក់នៅលើទីផ្សារសកល ដែលមានកម្មវិធី Built-in មកស្រាប់ៗ ដូចជា Google Maps, Google Play និងកម្មវិធីផ្សេងៗជាដើម។ ចំណែកឡាន China Version វិញ មិនមានប្រើ Google Services នោះទេ ដោយវាប្រើប្រាស់នូវកម្មវិធីចិនផ្ទាល់តែម្តង។ អញ្ចឹង បើសិនបងប្អូនមិនចង់ប្រើផ្សារកម្មវិធីរបស់ចិនទេ គឺតម្រូវអោយតម្លើងដោយខ្លួនឯង ឬរកអ្នកបច្ចេកទេសមកតម្លើងឲ ប៉ុន្តែនេះមិនមែនជាវិធីផ្លូវការដែលត្រូវបានណែនាំនោះទេ។

យ៉ាណាមិញ បើទោះជាមានគុណវិបត្តិក៏ដោយ ក៏ប៉ុន្តែសម្រាប់ឡានដែលជា China Version ក៏មាននូវគុណសម្បត្តិមួយចំនួនផងដែរ៖

  • ១) ឡាន China Version ភាគច្រើន គឺមានតម្លៃធូរថ្លៃជាង Global Version ។ ជាឧទាហរណ៍ ប្រសិនបើឡាន Global Version មានតម្លៃ ៤,៥០០០ដុល្លារ ឡាន China Version គឺមានតម្លៃត្រឹមតែ ៣០,០០០ ទៅ ៣៨,០០០ដុល្លារប៉ុណ្ណោះ។
  • ២) ប្រកាសចេញលក់់នៅចិនភ្លាម អាចទិញជិះបានភ្លាម ដោយរង់ចាំតែរយៈពេលខ្លីប៉ុណ្ណោះ។
  • ៣) ឡាន China Version ភាគច្រើន គឺមាន Option ខ្ពស់ៗជាង Global Version ដូចជា Range និង Specs ផ្នែកខាងក្នុង និងខាងក្រៅជាដើម។

ចូលមកដល់ចំនុចនេះ មិនឲបងប្អូនពិបាកគិតទៀតឡើយ គឺថាទាំងឡាន China Version និង Global Version សុទ្ធតែមានការធានាជូនដោយផ្ទាល់ពីខាងក្រុមហ៊ុនដូចគ្នា គ្រាន់តែចំពោះ China Version គឺទទួលបានការធានាជូន សម្រាប់តែអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ ដែលខុសពី Global Version ដែលមានតំណាងធំៗតាមបណ្តាលប្រទេសនីមួយៗដើម្បីផ្តល់ការធានាជូន។

សរុបមកវិញ ចំនុចគោលដែលយើងចង់បញ្ជាក់នោះ បើបងប្អូនចង់ទិញឡានអគ្គិសនីយកទៅប្រើប្រាស់ បងប្អូនគួរតែជ្រើសរើសប្រភេទ Global Version ព្រោះវាផ្តល់នូវគុណសម្បត្តិជាច្រើន ហើយម្យ៉ាងវិញទៀត បងប្អូននឹងទទួលបានការធានាយ៉ាងត្រឹមត្រូវពីក្រុមហ៊ុនផ្លូវការដែលមានទីតាំងនៅក្នុងប្រទេសយើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម