តើឡាន EV ក្នុងពេលបច្ចុប្បន្នមានប្រភេទអ្វីខ្លះទៅ?

EV ពាក្យរួមមួយដែលត្រូវបានបែងចែកប្រភេទរថយន្តជាច្រើនប្រភេទផ្សេងៗគ្នា ដោយមិនមែនមានតែឡានដំណើរការដោយអាគុយសុទ្ធនោះទេ។ ខាងក្រោមនេះគឺជាប្រភេទឡាន EV ដែលពេញនិយមបំផុត៖

១. BEV

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជារថយន្តអគ្គិសនីសុទ្ធដំណើរដោយថ្ម ឬអាគុយ និងម៉ូទ័រអគ្គិសនីតែប៉ុណ្ណោះ គ្មានពាក់ព័ន្ធជាមួយម៉ាស៊ីននោះឡើយ។ ជាធម្មតា វាមានទាំងជម្រើសប្រើប៉ុង ១ និងប៉ុង ២ ហើយអាចបើកបរបានចម្ងាយឆ្ងាយទៅតាមទំហំអាគុយ។

ចំណែកគុណសម្បត្តិវិញ គឺអាចការពារបរិស្ថាន និងមានភាពសន្សំសំចៃជាងឡានសាំង ប៉ុន្តែមានចម្ងាយបើកបរមានកម្រិត និងខ្វះស្ងានីយសាកភ្លើងនៅក្នុងពេលបច្ចុប្បន្ន។

ជាឧទាហរណ៍ រថយន្ត BEV មានដូចជា Tesla Model Y និង Mazda EZ60 ជាដើម។

២. HEV ឬ Hybrid

ជាប្រភេទរថយន្តកូនកាត់ដែលដំណើរការរួមគ្នារវាងម៉ាស៊ីន និងម៉ូទ័រដែលទទួលបានថាមពលពីអាគុយ ប៉ុន្តែសម្រាប់អាគុយគឺមានទំហំតូចត្រឹម ១ ទៅ ១,៩គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ហើយមិនអាចសាកថ្មពីខាងក្រៅបាននោះឡើយ។

ចំណុចពិសេសរបស់ HEV គឺអាចសន្សំសំចៃថ្លៃចំណាយបានច្រើនជាងរថយន្តសាំង ឬម៉ាស៊ូត និងមានមុខងារ Regenerative Braking សម្រាប់ទាញយកថាមពលមកវិញនៅពេលជាន់ហ្វ្រាំង។

ជាឧទាហរណ៍ រថយន្ត HEV ដែលពេញនិយមជាងគេនៅស្រុកខ្មែរគឺ Toyota Prius ។

៣. PHEV

ជារថយន្តប្រភេទកូនកាត់ដូច HEV ដែលដំណើរដោយម៉ាស៊ីនសាំង រួមជាមួយម៉ូទ័រអគ្គិសនី ដែលទទួលបានថាមពលពីអាគុយដែលមានទំហំធំជាង HEV។ ជាធម្មតា វាអាចបើកបរបានចម្ងាយចន្លោះពី ៥០ ទៅ ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងចម្ងាយសរុបចាប់ពី ១,០០០គីឡូម៉ែត្រ រួមជាមួយម៉ាស៊ីនសាំង។ ចំណុចពិសេសរបស់ PHEV គឺអាចបើកបរបានទាំងអគ្គិសនីសុទ្ធ និងសាំង មិនភ័យរឿងអស់់ថ្ម ខ្វះស្ថានីយសាក។

ជាឧទាហរណ៍ រថយន្ត PHEV មានដូចជា BYD Seal 05, GTV Kain និង BYD Leopard 8 ។

៤. FCEV

ជារថយន្តអគ្គិសនីដែលដំណើរការដោយថាមពលអ៊ីដ្រូសែន។ វាដំណើរការដោយម៉ូទ័រអគ្គិសនីដូចរថយន្តផ្សេងៗដែរ ប៉ុន្តែមិនត្រូវការការសាកឡើយ។ ជាក់ស្តែង វាគឺប្រើប្រាស់នូវធុងអ៊ីដ្រូសែនសម្រាប់ផ្តល់ថាមពលទៅដល់ម៉ូទ័រ។ ចំណុចពិសេសរបស់ FCEV គឺអាចបើកបរបានឆ្ងាយ មានភាពរហ័សដូចការចាក់សាំង ប៉ុន្តែមានខ្វះកន្លែងចាក់ និងមានតម្លៃថ្លៃ។

ក្នុងពេលបច្ចុប្បន្ននេះ រថយន្ត FCEV មានដូចជា Toyota Mirai និង Hyundai Nexo ។

៥. REEV ឬ EREV

ជារថយន្តអគ្គិសនីដែលដំណើរការដោយអាគុយ និងម៉ាស៊ីនសាំង រួមជាមួយម៉ូទ័រអគ្គិសនី ប៉ុន្តែដំណើរលើអាគុយជាចម្បង ចំណែកម៉ាស៊ីនសាំងវិញ ដើរតួជាម៉ាស៊ីនភ្លើងសម្រាប់ backup ពីក្រោយ។ ដូចនេះ នៅពេលដែលអាគុយដំណើរការអស់ប្រសិទ្ធភាព ម៉ាស៊ីនសាំងនឹងសាកទៅអាគុយដោយស្វ័យប្រវត្តិតែម្តង។

ចំណុចពិសេសរបស់ EREV គឺបំពាក់អាគុយធំ និងមានចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបានឆ្ងាយជាង PHEV ប៉ុន្តែមានតម្លៃថ្លៃ។ ជាធម្មតា រថយន្ត EREV មានច្រើនម៉ូឌែលដូចជា Avatr 12 EREV និង Xpeng P7+ EREV ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម