
បើយើងនិយាយអំពីឡាន PHEV និង EREV វាគឺសុទ្ធតែជាឡានដែលសាកថ្មពីខាងក្រៅបានដូចគ្នា ដែលជាធម្មតាគឺប្រើទាំងអគ្គិសនីផង និងសាំងផងដើម្បីដំណើរការរថយន្ត។ ប៉ុន្តែបើទោះជាអាចសាកថ្មពីខាងក្រៅ និងអាចប្រើទាំងអគ្គិសនីរួមជាមួយសាំងក៏ដោយ ក៏ប៉ុន្តែ PHEV និង EREV ក៏មានលក្ខណៈខុសគ្នាបន្តិតបន្តួចផងដែរ។

បើនិយាយឲស្រួលស្តាប់ ឡាន PHEV ឬ Plug-in Hybrid គឺជាឡានដែលប្រើទាំងម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំងដើម្បីបង្វិលកង់។ ចំណែក EREV ឬ Extended Range Electric Vehicle វិញ ប្រើតែម៉ូទ័រអគ្គិសនីប៉ុណ្ណោះ ដើម្បីបង្វិលកង់ ដោយម៉ាស៊ីនសាំងដើរតួជាម៉ាស៊ីនភ្លើងសម្រាប់សាកអាគុយ។

មូលហេតុដែល EREV រចនាឡើងបែបនេះ គឺដើម្បីផ្តល់អារម្មណ៍បើកបរដូចឡានអគ្គិសនីសុទ្ធសាត ព្រោះម៉ាស៊ីនសាំងដំណើរការនៅកម្រិតស្តង់ដារមួយដើម្បីសាកតែអាគុយប៉ុណ្ណោះ ពោលគឺមិនមែនដើម្បីបង្វិលកង់ឡើយ។
ប៉ុន្តែបើទោះបីជា PHEV ប្រើទាំងម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំងដើម្បីបង្វិលកង់ក៏ដោយ ក៏ប៉ុន្តែសម្រាប់ឡាន PHEV ដែលប្រើបច្ចេកវិទ្យាថ្មីៗដូចជា DM-i ឬ EM-i វាក៏អាចដំណើរការដូចគ្នានឹង EREV ផងដែរ ពោលគឺប្រើម៉ាស៊ីនសាំងដើរតួត្រឹមជាម៉ាស៊ីនភ្លើងដើម្បីសាកអាគុយប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រៅពីចំណុចទាំងនេះ ឡាន PHEV និង EREV ក៏មានចំនុចខុសគ្នាមួយចំនួនទៀតផងដែរ ដោយជាទូទៅ ឡានដែលប្រើបច្ចេកវិទ្យា EREV គឺតែងតែមានកញ្ចប់អាគុយធំ និងមានចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបានឆ្ងាយជាង PHEV ប៉ុន្តែមានតម្លៃថ្លៃ។
ជាឧទាហរណ៍ នៅក្នុងពេលបច្ចុប្បន្ន ឡាន PHEV និង EREV មានដូចជា GTV Kain, Toyota Prius Prime, Avatr 12 EREV និង GAC Aion i60 EREV ជាដើម។

សរុបមក សម្រាប់ឡាន PHEV គឺសាកសមសម្រាប់អ្នកចង់បានឡានសាំងលាយអគ្គិសនី ចំណែក EREV វិញ សាកសមសម្រាប់អ្នកចង់បានបទពិសោធន៍ប្រើឡានអគ្គិសនី ១០០% តែខ្លាចអស់ភ្លើងកណ្តាលទី៕



















