បើយោងតាមរបាយការណ៍ដែលទើបចេញផ្សាយកាលពីថ្មីៗនេះរបស់ការិយាល័យស្ថិតិទូទៅក្នុងប្រទេសវៀតណាម បានឱ្យដឹងថា ក្នុងខែកញ្ញា ចំនួននៃការផលិតរថយន្តក្នុងស្រុក និងនាំចូល មានការរកើនឡើងចំនួន ១០,៥ភាគរយ បើធៀបនឹងខែសីហា ពោលមានចំនួនប្រមាណ ៥២ ៨៨២ គ្រឿង ខណៈនៅក្នុងខែសីហា មានចំនួនត្រឹមតែ ៤៧ ៥៦១ គ្រឿង ប៉ុណ្ណោះ។
ក្នុងចំណោមនោះ ការផលិត និងដំឡើងរថយន្តនៅក្នុងប្រទេសវៀតណាមក្នុងខែកញ្ញា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៤ ៣០០ គ្រឿង កើនឡើង ៥,៥ភាគរយ បើធៀបនឹងខែសីហា (៣២ ៥០០ គ្រឿង) និងកើនឡើងគួរឱ្យកត់សម្គាល់ ៣០,៣ភាគរយ ពីខែកញ្ញា ឆ្នាំ២០២៣។ នេះគឺជាទិន្នផលផលិតកម្មខ្ពស់បំផុតសម្រាប់ឆ្នាំ២០២៤។ សរុបមក ការផលិត និងការដំឡើងក្នុងស្រុកសម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ មានចំនួនប្រមាណ ២៤១៤០០ គ្រឿង កើនឡើង ១១,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ជាក់ស្តែងក្នុងខែកញ្ញា វៀតណាមបាននាំចូលរថយន្តប្រមាណ ១៨ ២៨២ គ្រឿង ដែលមានតម្លៃសរុប ៣៧៨ លានដុល្លារ។ បើប្រៀបធៀបទៅនឹងខែសីហា រថយន្តនាំចូលមានចំនួន ១៥ ០៦១ គ្រឿង មានតម្លៃ ២៩៩ លានដុល្លារ។
សរុបមក សម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបាននាំចូលរថយន្តដែលបានដំឡើងពេញលេញចំនួន ១២៤ ០៩០ គ្រឿង មានតម្លៃ ២,៥៦៦ ពាន់លានដុល្លារ។
គួរឲដឹងថា រថយន្តដែលនាំចូលភាគច្រើនរបស់ប្រទេសមួយនេះ ត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេសុី ប្រទេសថៃ និងប្រទេសចិន៕