[ទីផ្សារបរទេស] រូបភាព Teaser ថ្មីមួយពី Toyota ដូចបានបញ្ជាក់ច្បាស់ៗអំពីរូបរាងរថយន្ត Crown ជំនាន់ថ្មី ដោយវាមានរូបរាងមិនខុសពីរូបភាពប៉ាតង់ដែលបានលេចធ្លាយកន្លងមកឡើយ។
រូបភាព Teaser បានបង្ហាញពីផ្នែកខាងមុខនៃរថយន្តបន្តិច ប៉ុន្តែវាបានបង្ហើបឲ្យដឹងច្បាស់ពីរចនាបថនៃរថយន្តទាំងមូល ប្រសិនបើក្រឡេកទៅប្រៀបធៀបវាជាមួយនឹងរូបរាងលើប៉ាតង់នៃរថយន្ត។ កាលពីប៉ុន្មានសប្ដាហ៍មុន រូបភាពប៉ាតង់ដែល Toyota បានដាក់ពាក្យស្នើបានប្រទះឃើញលើអនឡាញ ដោយពេលនោះគេមិនច្បាស់ថាជារថយន្ត Crown ឬយ៉ាងណានោះទេ។
ភាពស្រដៀងគ្នារវាងរូបភាពទាំងនេះ ជាមួយការបញ្ជាក់ពីឡូហ្គោថ្មីសម្រាប់ Toyota Crown បានឲ្យដឹងថារូបភាពប៉ាតង់ដែលលេចធ្លាយពិតជារូបរាងរបស់ Toyota Crown ប្រាកដមែន។ នេះមានន័យថារថយន្ត Crown បានផ្លាស់ប្ដូររូបរាងទាំងស្រុងខុសពីជំនាន់មុន ដោយប្ដូរពី Sedan មកជាប្រភេទ SUV។
សារព័ត៌មានជប៉ុនរាយការណ៍ថារថយន្ត Crown ថ្មីនឹងប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដែលមានទាំងប្រព័ន្ធបើកបរប៉ុងមួយ និងប៉ុងពីរ រួមទាំងមានជម្រើសម៉ាស៊ីន Hybrid ជាមួយអគ្គិសនីសុទ្ធផងដែរ ខណៈដែលដំណឹងដទៃទៀតនឹងត្រូវប្រកាសចេញនៅថ្ងៃទី១៥ ខែកក្កដាខាងមុខ៕