
រថយន្តប្រភេទ Wagon ម៉ូឌែល Stelato S9T កើតចេញពីការសហការគ្នារវាងក្រុមហ៊ុន Huawei និង BAIC បានទទួលការបញ្ជាទិញទុកមុនចំនួន ២០ ០០០ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោងនៅក្នុងប្រទេសចិន។ រថយន្តនេះបានបើកទទួលការបញ្ជាទិញទុកមុនក្នុងតម្លៃចន្លោះពី ៣២៨ ០០០ ដល់ ៣៨៨ ០០០យន់ ឬស្មើនិង ៤៦ ៥៧០ ដល់ ៥៤ ០២០ ដុល្លារ។
នៅថ្ងៃទី ១៩ ខែសីហា បណ្តាញលក់រថយន្តរបស់ក្រុមហ៊ុន Huawei គឺ HIMA (Harmony Intelligent Mobility Alliance) បានប្រកាសថា រថយន្ត Stelato S9T ទទួលបានការកក់ទុកចំនួន ២០ ០០០ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុននៅប្រទេសចិន។ មន្រ្ដីក្រុមហ៊ុន Stelato បានបញ្ជាក់ថា រថយន្ត Wagon ទីមួយរបស់ពួកគេបានទទួលការកុម្ម៉ង់ចំនួន ១០ ០០០ គ្រឿងក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ អតិថិជនដែលចង់កក់រថយន្តនេះតម្រូវឱ្យដាក់ប្រាក់កក់ចំនួន ២ ០០០ យន់ឬស្មើនិងប្រហែល ២៨០ ដុល្លារ។
អ្វីដែលពិសេសខ្លាំងរថយន្ត Stelato S9T បានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ Huawei ADS 4 គាំទ្រដោយឧបករណ៏ជំនួយការបើកបរចំនួន៣២ រួមទាំង LiDARs ចំនួនបួនគ្រាប់។ វាក៏មានជម្រើសបន្ថែមជាកាមេរ៉ាជំនួសកញ្ចក់មើលចំហៀងបែបធម្មតាផងដែរ។ប្រព័ន្ធបូមខ្យល់ (air suspension), និងកម្លាំងម៉ាស៊ីនអាចផលិតកម្លាំងបានរហូតដល់ ៥១៦សេះ។ បើនិយាយពីទំហំរូបរាងផ្នែកខាងក្រៅ រថយន្ដនេះមានតួខ្លួនសរុប ៥ ១៦០មម ទទឹង ២ ០០៥មម កម្ពស់ ១ ៤៩២មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។
នៅផ្នែកខាងក្នុងបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៦.១ អុីញ, អេក្រង់កុងទ័រឌីជីថល LCD ទំហំ ១២.៣ អុីញ ស្ថិតនៅពីក្រោយដៃចង្កូតរាងពងក្រពើបីកំណាត់។ អេក្រង់ទីបីទំហំ ១២.៣ អុីញ ត្រូវបានបំពាក់សម្រាប់អ្នកដំណើរខាងមុខ។ ចំណុះកន្លែងដាក់ឥវ៉ាន់របស់រថយន្ត S9T មានរហូតដល់ ៦៦០ លីត្រ។ លក្ខណៈពិសេសផ្សេងទៀតនៃកាប៊ីនរថយន្ត S9T រួមមាន ប្រព័ន្ធបំពងសំឡេង Huawei Sound Speakers ចំនួន ២៥ គ្រាប់ និងទូរទឹកកកដែលមានស្រាប់នៅក្នុងរថយន្ត។
រថយន្ត Stelato S9T ប្រភេទ BEV ម៉ូឌែល RWD ដំណើរដោយម៉ូទ័រអគ្គិសនីតែមួយនៅកង់ក្រោយ អាចផលិតកម្លាំង ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។ ចំណែកម៉ូឌែល AWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន អាចផលិតមានកម្លាំង ៣៨៥ គីឡូវ៉ាត់ (៥១៦ សេះ)។ ម៉ូឌែលទាំង២នេះប្រើប្រាស់អាគុយ ternary NMC ផលិតដោយក្រុមហ៊ុន CATL មានទំហំ ១០០ គីឡូវ៉ាត់ម៉ោង។ សម្រាប់ RWD អាចបើកបរបានចម្ងាយ ៨០១ គីឡូម៉ែត្រ នៅពេលសាកថ្មមួយពេញគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
រថយន្ត Stelato S9T ប្រភេទប្រើអគ្គិសនីលាយសាំង EREV ផ្ដល់ជូនជាមួយជម្រើសអាគុយពីរប្រភេទគឺ៖អាគុយ LFP ទំហំ ៣៧ គីឡូវ៉ាត់ និង ៥៣.៤ គីឡូវ៉ាត់ម៉ោង។ ជាមួយអាគុយទំហំ ៥៣.៤ គីឡូវ៉ាត់ម៉ោង រថយន្ដនេះអាចបើកបរបានចម្ងាយរហូតដល់ ៣៥៤ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ តែប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៣០៥គីឡូម៉ែត្រ។។ សម្រាប់ម៉ាស៊ីនប្រើសាំងចំណុះ ១.៥ លីត្រ អាចមានកម្លាំង ១១៨ គីឡូវ៉ាត់ (១៥៨ សេះ)៕