[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបើកការកក់ជាមុននៃរថយន្ត BYD Seal ដោយក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ទទួលបាន ៤០ ០០០ គ្រឿងមុនដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នៅក្នុងប្រទេសចិន រំពឹងថានឹងលក់ក្នុងតម្លៃចាប់ផ្តើមពី ៣២ ៥៩៥ ដុល្លារ ដល់ ៤១ ៤៨៥ ដល្លារ។
រថយន្តអគ្គិសនី BYD Seal ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 CTB battery technology រថយន្តថ្មីនេះទទួលយកគំនិតរចនាពីរថយន្ត Ocean-X concept car ។ ហើយការរចនាចំហៀងគឺមានរាងស្លីម ការរចនាផ្នែកខាងមុខ និងខាងក្រោយខ្លី ធ្វើឲ្យរថយន្តមានលក្ខណៈស្ព័រ ចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងថាសកង់ស្ព័រទំហំ ១៨-១៩ អ៊ីញ។
ចំពោះផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងទំនើប ដោយភ្ជាប់មកជាមួយដៃចង្កូតរូបរាងថ្មី បំពាក់ដោយប្រព័ន្ធអេកូឌីលីង កុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញថ្មី អេក្រង់កំសាន្តកណ្តាលទំហំ ១៥,៦ អ៊ីញដែលអាចបង្វិលបាន ដែលគាំទ្រការភ្ជាប់ប្រព័ន្ធ 5G និងឧបករណ៍បំពងសំឡេងម៉ាក Dynaudio ១២ចំនុចផងដែរ។
សម្រាប់រថយន្ត BYD Seal មានជម្រើសម៉ូទ័រចែកចេញជា ៣ ប្រភេទរួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២០១ សេះ ជាមួយអាគុយទំហំ ៦១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
- ម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ៥២២ សេះ ភ្ជាប់ជាមួយអាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប្រភេទបើកបរប៉ុង២
- និងម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ៥២២ សេះ អាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប្រភេទបើកបរប៉ុង២។ បន្ថែមពីនេះ រថយន្ត BYD Seal គាំទ្រការសាកថ្មលឿន DC អាចសាកពី ៣០% ទៅ ៨០% ក្នុងរយៈពេល ៣០ នាទីប៉ុណ្ណោះ៕