ត្រឹមរយៈពេល ៨ម៉ោង ឡានអគ្គិសនី MG4 ទទួលបានការកក់ទុកមុនជិត ១ ៦០០ គ្រឿងនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថា រថយន្តអគ្គិសនី MG4 ទទួលបានការកក់ទុកពីអតិថិជនថៃបានជាង ១ ៥៩៨ គ្រឿងក្នុងរយៈពេលត្រឹមតែ ៨ ម៉ោងបន្ទាប់ពីការកក់បានបើក បើ​ទោះ​បី​ជា​តម្លៃ​លក់​នៅ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ក៏ដោយ។

ក្រុមហ៊ុន MG Thailand បង្ហាញពីការកក់ទុកសម្រាប់រថយន្ត MG4 ថ្មី ចាប់តាំងពីការកក់បើកនៅ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២  ដែលរថយន្តទាំងអស់ត្រូវបានកក់តាមរយៈកម្មវិធី និងគេហទំព័ររបស់ MG ។ ខណៈពេលដែលការចេញលក់ជាផ្លូវការ និងការប្រកាសតម្លៃលក់នឹងធ្វើឡើងម្តងទៀតនៅក្នុងកម្មវិធីពិព័រណ៍ Motor Expo 2022 នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG4 Electric ជារថយន្ត​អគ្គិសនីសុទ្ធ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Nebula Pure Electric Platform ជាពិសេសសម្រាប់រថយន្តអគ្គិសនី។ ដោយមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសគឺ Model D និង Model X ខណៈដែលការកក់ភាគច្រើនគឺ Model X ដែលជាម៉ូដែលខ្ពស់ជាងគេ។

MG4 ដែលលក់ក្នុងប្រទេសថៃ នឹងត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៧០ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយនឹងអាគុយ Rubik’s Cube Battery technology ទំហំ ៥១ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ៤២៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានមុខងារសាកថ្មល្បឿនលឿន អាចសាកពី ១០% ដល់ ៨០% ក្នុងរយៈពេលប្រហែល ៣៥ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម