
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi DST ប្រភេទ SUV ៧កៅអី នៅឯទីផ្សារប្រទេសឥណ្ឌូនេស៊ី នៅចុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១១ ៦៧៦ ដុល្លារ ដល់ ១៤ ៥២០ ដុល្លារ នេះបើតាមទិន្ន័យដែលបានបង្ហាញដោយ Mitsubishi ។
គួរឲ្យដឹងថា គំរូរថយន្ត Mitsubishi DST Concept ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅចុងឆ្នាំ ២០២៤ ដែលអភិវឌ្ឍឡើងផ្តោតសំខាន់សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន នៅលើគ្រោងឆ្អឹង unibody platform ដំណើរការដោយម៉ាស៊ីនសាមងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៣ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ជាមួយរបៀបបើកបរចំនួន ៥ រួមមាន Normal, Tarmac, Gravel, Mud និង Wet ។
សម្រាបការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ ប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Dynamic Shield Styling Language ជាមួយតួខ្លួនជាជ្រុង មានប៉ាណាមុខមួយផ្ទាំងធំរចនារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាអក្សរ T-shaped កញ្ចក់ចំហៀងប្រើប្រាស់ជាប្រភេទឌីជីថល ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងតុបតែងផ្តល់នៅប្រណិតភាព និងទាន់សម័យ ជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ រួមទាំងកុងស៊ូលកណ្តាលបែបអនាគត និងដៃចង្កូតថ្មីជាដើម ៕