វីដេអូចេញផ្សាយដោយ TFLNow បានបង្ហាញអំពីរូបរាងរថយន្តភីកអាប់មួយគ្រឿងបើកបរសាកល្បងលើដងផ្លូវ ដែលគេជឿជាក់ថាជារថយន្តគំរូនៃ Ram Rebel TRX ដែលនឹងជាគូប្រជែងខ្លាំងក្លាមួយរបស់ Ford F-150 Raptor។
វីដេអូមិនបានបង្ហាញអ្វីច្រើននោះទេ ក្រៅតែពីទ្រង់ទ្រាយរបស់វាដែលមើលទៅមានទំហំធំ។ ចំណែករចនាបថរបស់រថយន្តត្រូវបានបិទបាំងជិតមិនឲ្យមើលដឹងថាមានរចនាបថបែបណានោះឡើយ។
បើតាមវិបសាយ Mopar Insider បានឲ្យដឹងការផលិតនៃរថយន្ត Ram Rebel TRX នេះនឹងចាប់ផ្ដើមនៅខែកញ្ញា ឬខែតុលា ហើយហាងលក់រថយន្តទាំងឡាយក៏បានដឹងដំណឹងនេះជាមុនដែរ។
ការចុះផ្សាយកន្លងមក បានឲ្យដឹងថា Ram Rebel TRX គឺនឹងដំណើរការដោយម៉ាស៊ីន Hellcat V8 Supercharged ចំណុះ ៦,២លីត្រ ដែលមានកម្លាំង ៧០៧សេះ ប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន និងប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ។ ចំណែកលក្ខណៈសម្បត្តិផ្សេងទៀតគេមិនទាន់ដឹងច្បាស់នោះទេ ហើយរំពឹងថាវាអាចមានតម្លៃចាប់ពីប្រមាណ ៥៣ ០០០ ដុល្លារ ជាតម្លៃប្រហាក់ប្រហែលនឹង Ford F-150 Raptor ដែរ៕