កាលពីពេលថ្មីៗនេះ បើយោងតាមស្ថិតិពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ការផលិត និងការលក់យានយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះជាង ២០ភាគរយ នៅក្នុងខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះលោក Surapong Phaisitpattanapong ដែលជាទីប្រឹក្សា និងជាអ្នកនាំពាក្យក្លឹបរថយន្តរបស់ FTI បាននិយាយថា ក្នុងខែសីហា គឺមានរថយន្តចំនួនតែ ១១៩ ៦៨០ គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិត ពោលគឺធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ២០,៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះចំនួន ៤,១២ភាគរយ បើធៀបនឹងខែមុន។
ចំពោះការធ្លាក់ចុះនេះ គឺដោយសារតែការថយចុះនៃយានយន្តដែលផលិតសម្រាប់ទីផ្សារក្នុងស្រុក គឺមានតែចំនួនត្រឹមតែ ៣៦ ៨៩២ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះចំនួន ៤០,៤៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្ទុយទៅវិញ រថយន្តដែលត្រូវបានផលិតសម្រាប់ការនាំចេញ គឺចំនួនត្រឹមតែ ៨២ ៨៧៨ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះចំនួន ៦,៦២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងនេះដែរ រថយន្តដែលត្រូវបានលក់ក្នុងស្រុកក្នុងខែសីហាមានចំនួនត្រឹមតែ ៤៥ ១៩០ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរឲដឹងថា បើរាប់ចាប់ពីខែមករា ដល់ខែសីហា ចំនួនរថយន្តសរុបដែលត្រូវបានផលិតមានចំនួន ១ ០០៥ ៧៤៩ គ្រឿង បើធៀបនឹងឆ្នាំចាស់ ពោលគឺធ្លាក់ចុះចំនួន ១៧,៦៩ភាគរយ៕