រថយន្ត All New Toyota Yaris Cross 2023 ត្រូវបានបង្ហាញខ្លួនជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តជុំវិញតំបន់អាស៊ី។
All New Toyota Yaris Cross 2023 ជារថយន្តប្រភេទ B-SUV ឬ Crossover ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ដែលដូចគ្នាទៅនឹងរថយន្ត All New Toyota Vios 2023។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 2NR-VE ទំហំ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផ្តល់កម្លាំងសេះបានរហូតទៅដល់ ១០៦ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ។
សារព័ត៌មាន ខេមបូ អូតូ (Cambo Auto) ក៏នៅមិនស្ងៀមដែរ ក៏បានសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ (Exclusive Right) ក្នុងការនាំចូលរថយន្ត Toyota ថ្មីៗជាច្រើនប្រភេទមកអង្រួនទីផ្សារកម្ពុជារាល់ឆ្នាំ។
ខាងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញយ៉ាងច្បាស់ថា “ដើម្បីសម្របទៅតាមតំរូវការទីផ្សាររថយន្តបច្ចុប្បន្ន យើងឃើញថា តម្រូវការថយន្ត ប្រភេទ SUV កំពុងតែមានសន្ទុះជាខ្លាំង ខាងក្រុមហ៊ុននឹងពិចារណានាំចូលនូវរថយន្តមួយប្រភេទនេះចូលមកកាន់ទីផ្សារប្រទេសកម្ពុជានាពេលអនាគតផងដែរ ។”
តោះ! សូមនាំអារម្មណ៍អ្នកអានមកមើលជាមួយចំនុចសំខាន់ៗនៃរថយន្តនេះទាំងអស់គ្នា!
All New Toyota Yaris Cross 2023 ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ដែលមានប្រវែងសរុប ៤ ៣១០ មីលីម៉ែត្រ, ទទឹង ១ ៧៧០ មីលីម៉ែត្រ, កម្ពស់ ១ ៦១៥ មីលីម៉ែត្រ, ប្រវែងគម្លាតកង់មុខក្រោយ ២ ៦២០ មីលីម៉ែត្រ និងកម្ពស់ពីបាតដី ២៦០ មីលីម៉ែត្រ។
រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ:
ការរចនានៃរថយន្តថ្មីនេះគឺផ្តោតទៅលើ ភាពរឹងមាំ និង ទាន់សម័យ ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ ១៨ អ៉ីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និង មានអំណាច ។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង។
ប្រណិតភាពនៃផ្នែកខាងក្នុង:
សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយ ហើយការរចនាតាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណះស្ព័រ និង ប្រណិតភាពនៃរថយន្តSUV។ បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ៧ អ៉ីញ និង អេក្រង់កំសាន្តទំហំ ១០,១ អ៉ីញ ដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែរ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែរ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។
ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:
រថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ ស្របជាមួយប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS, VSC, TRC, HAC, BA, EBD, ESS លើសពីនេះវាក៏បានបំពាក់មកនូវមុខងារសុវត្តិភាពឆ្លាតវៃ Toyota Safety Sense និង មុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។
ម៉ាស៊ីន:
The All-New Toyota Yaris Cross បានប្រើប្រាស់នូវម៉ាស៊ីនសាំង ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង Dual VVT-I ដែលអាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៣២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនិងប្រអប់លេខ CVT និង លេខដៃ ៥វគ្គ ។
យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម សារព័ត៌មានយើងខ្ញុំនិងធ្វើបច្ចុប្បន្នជាបន្តបន្ទាប់៕