ទណ្ឌកម្មដែលបានដាក់ប្រឆាំងនឹងរុស្ស៊ីបន្ទាប់ពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តយ៉ាងខ្លាំង។ ទាំងអតិថិជន និង ក្រុមហ៊ុនរថយន្ត កំពុងរងផលប៉ះពាល់ដោយការលំបាកក្នុងការនាំចូលគ្រឿងបន្លាស់មករុស្ស៊ី។
ភាពខ្វះខាតនៃគ្រឿងបន្លាស់ បានបង្ខំ Lada ដែលជាក្រុមហ៊ុនផលិតរថយន្តរុស្ស៊ីនេះ បញ្ចេញរថយន្ត Lada Granta Classic ស៊េរីថ្មី ដែលត្រូវបានរចនាឡើងដោយប្រើតែគ្រឿងបន្លាស់ផលិតក្នុងស្រុក ឬដោយសម្ព័ន្ធមិត្តរបស់ខ្លួនប៉ុណ្ណោះ ខណៈរថយន្តទទេនេះមានតម្លៃត្រឹមតែ ១៣ ០០០ដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ អតិថិជននៃរថយន្ត Lada Granta Classic ឆ្នាំ២០២២ ខាងលើ នឹងមិនទទួលបានមុខងារសុវត្ថិភាពមួយចំនួន ដូចជា ប្រព័ន្ធហ្វ្រាំង ABS, ពោងសុវត្ថិភាពផ្នែកចំហៀង និង ប្រព័ន្ធម៉ាស៊ីនត្រជាក់។
យ៉ាងណាមិញ រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៩០សេះ ដែលមិនស្របតាមស្តង់ដារការបំភាយឧស្ម័ននៅអឺរ៉ុបបច្ចុប្បន្នឡើយ។ តាមពិតទៅ វាអាចស្របតាមស្តង់ដារការបំភាយឧស្ម័ន ត្រឹមឆ្នាំ ១៩៩៦ ប៉ុណ្ណោះ ដែលពិតជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន សម្រាប់រថយន្តដែលបានចេញលក់ដំបូងក្នុងឆ្នាំ២០១១ នេះ៕