ទាំងនេះហើយ​​ប្រេង​​​​សំខាន់ ៦ ប្រភេទជួយរថយន្ត​​ឲ្យដើរ​ស្រួល

អ្នកបើកបរ​​​មួយ​ចំនួន​តូច ដែលតែង​បើកបរ​រថយន្ត​រាល់​ថ្ងៃ អាច​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថាតើ​រថយន្ត​ដែល​ខ្លួន​ប្រើ​រាល់​ថ្ងៃ​ហ្នឹង​មាន​ប្រេងប៉ុន្មាន​ប្រភេទ​ហើយ​មាន​តួនាទី​អ្វី​ខ្លះ​។ ប្រេង​រថយន្ត​មាន​តួនាទី​សំខាន់​មួយ​ផ្នែក​ក្នុង​ការ​រក្សា​សុវត្ថិភាព​អ្នក​បើកបរ​និង​អ្នក​ដំណើរ​ក្នុង​រថយន្ត។

១. ប្រេង​ម៉ាស៊ីន៖ ប្រេង​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ម៉ាស៊ីន​ដើរ​ស្រួល។ ជា​ធម្មតា​ប្រេង​នេះ​ច្រើន​ត្រូវ​ប្តូរ​ចេញ​រៀងរាល់ ៣០០០គីឡូម៉ែត្រ​ម្តង ឬ​តិច​ជាង​នេះ​អាស្រ័យ​លើ​បែប​បទ​ថែទាំ​​របស់​​ម្ចាស់​រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ប្រេង​ប្រអប់​លេខ៖ មាន​តួនាទី​ដើម្បី​ឱ្យ​ប្រអប់​លេខ​ដើរ​ស្រួល។ បើ​តាម​លោក ផាន់ណា​​បាន​ឱ្យ​ដឹង​ថា ជា​ទូទៅ​អ្នក​បើកបរ​ភាគ​ច្រើន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ដូរ​ប្រេង​​ប្រអប់​លេខ​​នេះ​សោះ។ លោក​ថា ធម្មតា​ប្រេង​ប្រអប់​លេខ​គួរ​ដូរ​ចេញ​ពេល​វា​ឡើង​ពណ៌​ត្នោត​និង​ធំ​ក្លិន​ឈ្ងៀម ឬ ជាង២ម៉ឺន​គីឡូម៉ែត្រ​ត្រូវ​ដូរ​ចេញ​ម្តង។

៣. ប្រេង​ចង្កូត៖ ប្រេង​នេះ​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​ចង្កូត​ធូរ។ កាល​ណា​ប្រេង​ចង្កូត​អស់​ឬ​មិន​គ្រប់គ្រាន់​នោះ​វា​នឹង​ធ្វើ​ឱ្យ​​​តឹង​ចង្កូត​ពិបាក​កាច់​ចង្កូត​​ពេល​កំពុង​បើកបរ។

៤. ប្រេង​ហ្វ្រាំង៖ មាន​តួនាទី​ធ្វើ​ឱ្យ​ហ្រ្វាំង​ដំណើរ​ការ​ល្អ ព្រោះ​វា​ជា​អ្នក​បញ្ជា​ទៅ​កង់​ទាំង​បួន​នៃ​រថយន្ត។ កាល​ណា​រថយន្ត​អ្នក​អស់​ឬ​ខ្វះ​ប្រេង​ហ្វ្រាំង នោះ​ការ​បើកបរ​នឹង​លំបាក​និង​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗ ដោយ​សារ​ហ្រ្វាំង​រថយន្ត​អ្នក​ស្អិត​ពេល​ចាប់​ហ្រ្វាំង។ អ្នក​អាច​ត្រួត​ពិនិត្យ​ប្រេង​ហ្វ្រាំង​ពេល​អ្នក​ត្រូវ​ប្តូរ​ប្រេង​​ម៉ាស៊ីន ឬ​អាច​ប្តូរ​វា​ចេញ​រយៈ​ពេល​២ឆ្នាំ​ម្តង​ឬ​តិច​ជាង​នេះ​។

៥. ប្រេង​បូម៖ ជា​ធម្មតា​ប្រេង​បូម​ច្រើន​ប្រើ​តែ​ចំពោះ​រថយន្ត​មួយ​ចំនួន​ប៉ុណ្ណោះ​ដូចជា​ពពួក Lexus LX ជា​ដើម។ វា​មាន​តួនាទី​ធ្វើ​ឱ្យ​កម្ពស់​រថយន្ត​ឡើង​ឬ​ចុះ​និង​អាច​ជួយ​ទប់​លំនឹង​រថយន្ត​ពេល​កំពុង​បើកបរ​បាន​យ៉ាង​ល្អ។

៦. ប្រេង​ប៉ុង៖ ប្រេង​នេះ​ប្រើ​ដើម្បី​ជួយ​ឱ្យ​ប៉ុង​មុខ​ក្រោយ​របស់​រថយន្ត​រអិល​មិន​កកិត។

ត្បិត​តែ​ប្រេង​ខ្លះ​ប្រើ​ពេល​យូរ​ទើប​ត្រូវ​ដូរ​ចេញ តែ​​អ្នក​គួរ​តែ​ឧស្សាហ៍​ពិនិត្យ​វា​ដោយ​​ខ្លួន​ឯង​ឱ្យ​បាន​ទៀត​ទាត់​។ អ្នក​គួរ​តែ​ឆ្លៀត​ពិនិត្យ​ប្រេង​ទាំង​នេះ​ពេលណា​អ្នក​ទៅ​ប្តូរ​ប្រេង​ម៉ាស៊ីន​ម្តងៗ ដើម្បី​ធានា​បាន​ថា​រថយន្ត​អ្នក​អាច​បើក​លើ​ដង​ផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម