រថយន្ត BMW M3 Sedan ស៊េរីឆ្នាំ២០២១ ថ្មីសន្លាង (ផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង) បានចូលដល់សង្វាក់ផលិតកម្មហើយ នៅរោងចក្រនៃទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលជាកន្លែងផលិតរថយន្ត BMW 3 Series (G20) ទាំងអស់តែម្តង។
ការមកដល់នៃម៉ូដែល M3 នេះ បានបង្គ្រប់ត្រកូល 3 Series ឆ្នាំ២០២១ យ៉ាងពេញលេញតែម្តង នៅលើខ្សែសង្វាក់ផលិតកម្មនៅរោងចក្រនៃទីក្រុង Munich ដែលផលិតម៉ូដែល 3 Series Sedan និង 3 Series Touring ទាំងប្រភេទប្រើម៉ាស៊ីន Plug-in Hybrid, ម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូតផងដែរ។
គួរឲ្យដឹងដែរថា គ្រប់ម៉ូដែល 3 Series ទាំងអស់គឺត្រូវបានផលិតឡើងនៅលើខ្សែសង្វាក់ផលិតកម្មតែមួយប៉ុណ្ណោះ។
រថយន្ត BMW M3 Sedan មានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៧៣សេះ សម្រាប់ម៉ូដែលធម្មតា និង ៥០៣សេះ សម្រាប់ម៉ូដែល Competition៕