ក្រុមហ៊ុន GMC បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Hummer ប្រភេទអគ្គិសនី ដែលមានរចនាបថទាន់សម័យ ជាមួយនឹងកម្លាំងដ៏ខ្លាំងមហាសាលសម្រាប់រថយន្តភីកអាប់។
រថយន្តសម្រាប់បើកបរលើផ្លូវ Off-Road មួយនេះមានបំពាក់មកជាស្តង់ដារនូវសម្បកកង់ Goodyear Wrangler All Territory MT ទំហំដល់ ៣៥អ៊ីញ ដែលអាចឲ្យរថយន្តនេះបើកបរលុយទឹកបានជម្រៅដល់ ៦១០មិល្លីម៉ែត្រ។
ក្នុងនាមជារថយន្តអគ្គិសនី Hummer ស៊េរីថ្មីនេះក៏មានបំពាក់គ្រឿងបរិក្ខារទំនើបៗនៅខាងក្នុងមានដូចជាកុងទ័រប្រភេទឌីជីថលទំហំ ១២,៣អ៊ីញ និងមានអេក្រង់កម្សាន្តទំហំ ១៣,៤អ៊ីញ។ អេក្រង់ទំហំ ១៣,៤អ៊ីញ អាចងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធ UltraVision ដែលអាចឲ្យគេមើលឃើញទិដ្ឋភាព ១៨ខុសៗគ្នាពីកាមេរ៉ាបំពាក់ជុំវិញរថយន្ត។ រថយន្តនេះនឹងមាននូវប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្ដាលឈ្មោះថា Super Cruise ផងដែរ។
ថាមពលដ៏ខ្លាំងក្លានៃរថយន្ត Hummer គឺបានមកពីម៉ូទ័រអគ្គិសនីចំនួនបី ដែលផលិតកម្លាំងសរុបបានប្រមាណ ១០០០សេះ។ កម្លាំងនេះអាចឲ្យរថយន្តដែលប្រើប្រព័ន្ធបើកបរវិលកង់បួននេះ ស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលប្រហែល ៣វិនាទី ពេលប្រើប្រាស់ប្រព័ន្ធ “Watts to Freedom”។
ម៉ូទ័រអគ្គិសនីទទួលបានថាមពលពីអាគុយលីចូមដែលអាចឲ្យរថយន្តបើកបរបានចម្ងាយ ៥៦៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ហើយការសាកភ្លើងត្រឹម១០នាទី អាចឲ្យរថយន្តបើកបរបានចម្ងាយ ១៦១គីឡូម៉ែត្រ។
Hummer អគ្គិសនីនឹងត្រូវចេញលក់ប្រភេទ Edition 1 មុនគេ ដែលមានតម្លៃ ១១២ ៥៩៥ដុល្លារ ចេញលក់នាឆ្នាំក្រោយនេះ។ នៅឆ្នាំ ២០២២ នឹងមានប្រភេទ Hummer EV 3X ដែលមានតម្លៃ ៩៩ ៩៩៥ដុល្លារ ហើយនៅអំឡុងឆ្នាំ ២០២៣ នឹងមានប្រភេទ Hummer EV 2X តម្លៃ ៨៩ ៩៩៥ដុល្លារ និងចុងក្រោយគេនៅឆ្នាំ ២០២៤ នឹងចេញលក់ប្រភេទ Base ជាមួយតម្លៃ ៧៩ ៩៩៥ដុល្លារ៕