
បន្ទាប់ពីការទន្ទឹងរង់ចាំដ៏យូរ នៅទីបំផុតក្រុមហ៊ុន Tesla បានបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាផ្លូវការហើយ ចំនួន២ម៉ូឌែលដែលជា option Standard គឺ Model 3 មានតម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ និង Model Y មានតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ។
ការបញ្ចេញរថយន្តតម្លៃធូរថ្លៃបែបនេះ ដើម្បីអាចប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីរបស់ចិន។ ប៉ុន្តែ Tesla ក៏បានដកមុខងារសំខាន់ៗមួយចំនួនចេញផងដែរ ដើម្បីអាចដាក់លក់ក្នុងតម្លៃនេះបាន ជាពិសេសមុខងារ ចូលគន្លងកណ្តាល (Lane Centering) របស់ប្រព័ន្ធ Autopilot។ ទន្ទឹមនេះ មុខងារចាក់វិទ្យុ ក៏ត្រូវបានដកចេញផងដែរ។
រថយន្ត option Standard ថ្មីទាំង២នេះ ក៏បានចេញមកជាមួយការផ្លាស់ប្តូរជាច្រើនផងដែរ ដូចជា មិនមានអំពូល lightbar មុខក្រោយ រង្វង់កង់ ១៨អ៊ីង speaker តិចជាងមុន និងមិនមានភ្លើង Ambient lightning នោះទេ។ ជាមួយគ្នានេះ វាក៏មិនមានអេក្រង់ផ្នែកខាងក្រោយ ចម្ងាយបើកបរបានជាង ៥០០គីឡូម៉ែត្រ ជាមួយទំហំអាគុយ ៦៩គីឡូវ៉ាត់ម៉ោង។ ទោះជាយ៉ាងណា វាក៏មានបំពាក់អេក្រង់ថាច់ស្រ្គីន ទំហំ ១៥,៤អ៊ីង នៅចំកណ្តាល ដែលប្រើសម្រាប់ជាកុងទ័រឌីជីល និងជាអេក្រង់កម្សាន្ត។
គួររំលឹកថា Tesla ធ្លាប់មានគម្រោងផលិតរថយន្តធូរថ្លៃជាងនេះទៅទៀត ដោយមានចាប់ពីតម្លៃ ២៥ ០០០ដុល្លារឡើងទៅ ហើយពេលនោះគ្រោងដាក់លើរថយន្ត Model 2 ចូលក្នុងទីផ្សាររថយន្តអគ្គិសនី ប៉ុន្តែក្រោយមក ត្រូវបានអាក់ខានវិញ។
ទិន្នន័យក្នុងឆ្នាំ២០២៥នេះ គិតពីដើមឆ្នាំដល់ត្រីមាសទី៣ ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុន BYD គឺមានចំនួនដល់ទៅ ១,៦០៥៩លានគ្រឿង ចំណែក Tesla វិញ គឺមានចំនួនត្រឹមតែ ១,២១៧៩លានគ្រឿងប៉ុណ្ណោះ ខណៈចំនួននេះគឺមានធ្វើឲ្យការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD លើស Tesla ប្រមាណដល់ទៅ ៣៨៨ ០០០គ្រឿងឯណោះ៕