ទីបំផុត រថយន្តវ៉ែន Hyundai Staria មានប្រភេទអគ្គិសនីសុទ្ធហើយ

បន្ទាប់ពីមានការលើកឡើងជាច្រើនជាង១ឆ្នាំមក ដែលថា Straia នឹង​មានជាប្រភេទអគ្គិសនីសុទ្ធនោះ នៅទីបំផុតគឺក្រុមហ៊ុនកូរ៉េ Hyundai ពិតជាបានបញ្ចេញវាពិតប្រាកដមែន។

ក្នុងពិព័រណ៍ Brussels Motor Show 2026 ធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Hyundai បាន​ប្រកាសជាផ្លូវការនូវវត្តមានរបស់ Staria EV ដែលជារយន្ត MPV អគ្គិសនីដំបូងរបស់ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ បំពាក់អាគុយទំហំ ៨៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រកម្លាំង ២១៥សេះ អាចធ្វើដំណើរបានដល់ចម្ងាយ ៤០០គីឡូម៉ែត្រ រាលពេលសាកពេញ។ ដោយសារតែ Staria EV បំពាក់ប្រព័ន្ធសាកភ្លើង ៨០០វ៉ុល គឺអាចឲ្យរថយន្តនេះ សាកពី ១០ ទៅ ៨០% ប្រើពេលប្រហែល ២០នាទីប៉ុណ្ណោះ។

ថ្វីបើ Staria នេះជាប្រភេទអគ្គិសនី ប៉ុន្តែនៅរក្សារូបរាងដដែលដូច Staria ដែលប្រើចំហេះក្នុងដែរ គ្រាន់តែកែកុនថ្មីបន្តិចនៅត្រង់ប៉ាណា និងអំពូល Light bar ផ្តេក។ រថយន្តនេះ មកជាមួយជម្រើស ៧កៅអី (Luxury) និង ៩កៅអី (Wagon)។ កុងទ័រឌីជីថល និងអេក្រង់ថាច់ស្គ្រីនរបស់ Staria នេះ មានទំហំ ១២,៣អ៊ីញដូចគ្នា ដំណើរការលើប្រព័ន្ធប្រតិបត្តិការ ccNC ជំនាន់ក្រោយរបស់ Hyundia តែម្តង។

ចំពោះ​ការបញ្ចេញរថយន្តអគ្គិសនីនៅក្នុងតំបន់អឺរ៉ុបនេះ គឺ Hyundai ចង់បញ្ជាក់ថា ខ្លួននៅតែដើរតួនាទីដ៏សំខាន់ចំពោះការផ្លាស់ប្តូរទៅរកការប្រើប្រាស់​រថយន្តអគ្គិសនី​នៅតំបន់នេះ និងពង្រីកតួនាទីខ្លួន​ក្នុងនាមជាដៃគូក្រុមហ៊ុនយានយន្តដ៏គួរឲ្យទុកចិត្ត។

Hyundai គ្រោងដាក់លក់រថយន្ត​ MPV អគ្គិសនីនេះ នៅកូរ៉េខាងត្បូង និងអឺរ៉ុប នាពេលកណ្តាលឆ្នាំ២០២៦ខាងមុខ ហើយបន្ទាប់មកនឹងដាក់លក់នៅទីផ្សារផ្សេង ប៉ុន្តែមិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម