ទីបំផុត! ឡានអគ្គិសនីសុទ្ធ Hyundai Ioniq 9 សាកថ្មពេញជិះបាន ៦២០ គីឡូម៉ែត្រ ត្រៀមចេញលក់នៅដើមឆ្នាំក្រោយ

[បរទេស] បន្ទាប់ពីរងចាំអស់រយៈពេលជាយូរមក ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 9 ប្រភេទ SUV កៅអី ៣ជួរ គ្រោងនឹងចេញលក់នៅទីផ្សារប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅឆ្នាំ ២០២៥ ខណៈតម្លៃលក់ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

Hyundai Ioniq 9 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP architecture ដំណើរការដោយថាមពលម៉ាស៊ីនចំនួន ៣ជម្រើសរួមមាន ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន  ៣០៨ សេះ និងកម្លាំងរមួល ៦០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤២៩ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ខណៈម៉ូដែលទាំងអស់នេះ ត្រូវផ្គួបជាមួយអាគុយទំហំ ១១០,៣ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងការសាកថ្មល្បឿនលឿន អាចសាកបានពី ១០-៨០% ប្រើរយៈពេល ២៤ នាទីប៉ុណ្ណោះ រួមទាំងមានមុខងារផ្ទេរថាមពល V2L ផងដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈជាប្រអប់ជុ្រង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED បែប Parametric Pixel light ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ រួមទាំងកញ្ចក់ចំហៀងបែបឌីជីថលជាជម្រើសផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កោងរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំសរុប ២៤អ៉ីញ​ ដៃចង្កូតបន្ថែមភ្លើង LED ពណ៌បៃតងសម្រាប់អ្នកបើកបរតាមដានថ្ម រួមទាំងឧបករណ៍បំពងសំលេង ៨ចំនុច និង ១៤ចំនុចម៉ាក Bose ជាជម្រើស ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Hyundai Safety Suit ជំនាន់ចុងក្រោយទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម