កម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show លើកទី ៩០ គ្រោងថានឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ នេះ។ យ៉ាងណាក្ដីទឹកប្រាក់ដែលគេបានបណ្ដាក់ទុនលើកម្មវិធីនេះក្លាយជាអសារបង់ ដោយសារកម្មវិធីនេះត្រូវបានរំសាយចោលជាផ្លូវការ ដោយមានការបារម្ភខ្លាំងជុំវិញការផ្ទុះវីរុសកូរ៉ូណា។
ការសម្រេចចិត្តរំសាយចោលនេះ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលប្រទេសស្វីសអំពីការហាមឃាត់មិនឲ្យមានការជួបជុំជាសាធារណៈលើសពី ១ ពាន់នាក់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែមីនា ឬអាចឆាប់នេះ។ កម្មវិធី Geneva ដែលនឹងត្រូវចាប់ផ្ដើមក្នុងប៉ុន្មានសប្ដាហ៍ទៀត គឺរំពឹងថានឹងអាចទាក់ទាញអ្នកចូលរួមច្រើន ហេតុនេះគេអាចយល់បានអំពីមូលហេតុនៃការរំសាយចោល។ គួរដឹងថាឆ្នាំមុនមានមនុស្សសរុបជាង ៦០ ម៉ឺននាក់ ចូលរួមកម្មវិធីតាំងបង្ហាញនេះ។
គួររំលឹកដែរថា Geneva Motor Show នាឆ្នាំនេះគឺមិនធំនោះឡើយ បើធៀបនឹងឆ្នាំមុន ដោយសារមានក្រុមហ៊ុនជាច្រើនបានប្រកាសមិនចូលរួមតាំងពីដើមឆ្នាំ ២០២០ មក ដែលរួមមាន Citroën, Ford, Jaguar, Lamborghini, Land Rover, Mini, Mitsubishi, Nissan, Opel, Peugeot, Subaru, Tesla និង Volvo៕