រថយន្តភីកអាប់ Santa Cruz របស់ Hyundai បានបង្ហាញវត្តមានជាផ្លូវការកាលពីពាក់កណ្ដាលខែមេសាកន្លងទៅ ដោយពេលនោះ Hyundai មិនបានបង្ហាញដំណឹងលម្អិតច្រើននៅឡើយទេ។ ពេលនេះដែរ កម្រិតស៊ីសាំងរបស់រថយន្តនេះត្រូវបានបង្ហាញឲ្យដឹងហើយ។
មុនដឹងអំពីកម្រិតស៊ីសាំង សុំរំលឹកថា Santa Cruz មានបំពាក់ដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៩១សេះ ហើយវាក៏មាននូវជម្រើសម៉ាស៊ីន Turbocharged ដែលមានចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ២៨១សេះផងដែរ។
សម្រាប់ម៉ាស៊ីនធម្មតាដែលប្រើប្រព័ន្ធបើកបរ AWD មានកម្រិតស៊ីសាំង ១១,២លីត្រ/១០០គ.ម ចំពោះការបើកបរក្នុងក្រុង ហើយស៊ី ៨,៧លីត្រ សម្រាប់ការលើផ្លូវលាត និងជាមធ្យមស៊ីសាំង ១០,២២លីត្រ។ ចំណែកម៉ាស៊ីនធម្មតាដែលប្រើប្រព័ន្ធបើកបរ FWD មានកម្រិតស៊ីសាំងដូចគ្នា ប៉ុន្តែសម្រាប់ការបើកលើផ្លូវលាតគឺស្ថិតនៅកម្រិត ៩,០៤លីត្រ/១០០គ.ម។
ដោយឡែកសម្រាប់ប្រភេទម៉ាស៊ីន Turbo ដែលប្រើប្រព័ន្ធបើកបរ AWD មានកម្រិតស៊ីប្រេង ១២,៣៧លីត្រ សម្រាប់ការបើកក្នុងក្រុង ហើយបើកលើផ្លូវលាតស៊ីប្រេង ៨,៧លីត្រ និងជាមធ្យមស៊ីប្រេង ១០,៦៩លីត្រ៕