វិបសាយរថយន្ត Car Scoops បានបង្ហើបឲ្យដឹងថារថយន្ត Toyota Highlander ស៊េរីឆ្នាំ ២០២០ ដែលមានរចនាបថរូបរាងថ្មីនោះ មានតម្លៃលក់ចាប់ពី ៣៤ ៦០០ ដុល្លារ ឡើងទៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
តម្លៃនេះគឺថ្លៃជាង ២ ៧៧០ ដុល្លារ បើប្រៀបនឹង Highlander ស៊េរីមុន ប៉ុន្តែស៊េរីថ្មីគឺមានបំពាក់មកជាស្តង់ដារនូវអំពូលភ្លើង LED, កញ្ចក់ក្រោយពណ៌ខ្មៅ និងមានយ៉ាន់ Alloy ទំហំ ១៨ អ៊ីញយ៉ាងទាក់ទាញផងដែរ។
ផ្នែកខាងក្នុងវិញមានកៅអីអ្នកអាចបើកបរដែលផ្លាស់ប្ដូរបាន ៧ របៀប, ម៉ាស៊ីនត្រជាក់ ៣ តំបន់, អេក្រង់បញ្ជាទំហំ ៨ អ៊ីញ មាន Android Auto/Apple Car Play និង Amazon Alexa។ មុខងារស្តង់ដារផ្សេងទៀតមានប្រព័ន្ធបំពងសំឡេងដែលមាន Speaker ចំនួន ៦, កុងទ័រឌីជីថលទំហំ ៤,២ អ៊ីញ និងអាចជិះបានគ្នាសរុប ៨ នាក់។
ម៉ាស៊ីនរថយន្តវិញគឺមានចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៩៥ សេះ ដែលភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ហើយអាចបន្ថែមនូវប្រព័ន្ធបើកបរវិលកង់ទាំងអស់ ដែលត្រូវបន្ថែមលុយប្រមាណ ១៦០០ ដុល្លារ ទៅ ១៩៥០ ដុល្លារ។ វាក៏មានជាប្រភេទ Hybrid ដែលមានម៉ាស៊ីន ២,៥ លីត្រ ម៉ូទ័រអគ្គិសនីពីរ អាចបង្កើតកម្លាំងបាន ២៤៣ សេះ។
Toyota Highlander ឆ្នាំ ២០២០ នឹងចេញលក់នៅអាមេរិកជាផ្លូវការនៅថ្ងៃទី ១៨ ខែធ្នូ ហើយប្រភេទ Hybrid វិញនឹងមានលក់នៅខែកុម្ភៈឆ្នាំ ២០២០៕