ទីផ្សារកាន់តែប្រកួតប្រជែងរថយន្ដ Tesla ផលិតនៅចិនបន្ដការលក់ធ្លាក់ចុះ

យោងតាមរបាយការណ៍ពី China EV DataTracker ក្រុមហ៊ុន Tesla បានលក់រថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិនបានចំនួន ៦៧ ៨៨៦ គ្រឿង ក្នុងខែកក្កដា ធ្លាក់ចុះ ៨.៤% ធៀបនឹងខែដដែលកាលពីឆ្នាំមុន និងធ្លាក់ចុះ ៥.២% ធៀបនឹងខែមិថុនា។

ក្នុងរយៈពេលដប់ខែចុងក្រោយនេះ Tesla ផលិតននៅចិនបានជួបប្រទះការលក់ធ្លាក់ចុះប្រចាំឆ្នាំរហូតដល់ទៅប្រាំបួនខែ ដោយមានការកើនឡើងបន្តិចបន្តួចត្រឹមតែ ០.៨% ក្នុងខែមិថុនាប៉ុណ្ណោះ។ តួលេខនៃការលក់របស់ Tesla ប្រទេសចិននេះ រួមបញ្ចូលទាំងការលក់នៅក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។

ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ (ខែមករាដល់ខែកក្កដា) ក្រុមហ៊ុន Tesla ប្រទេសចិនបានលក់រថយន្តបានចំនួនសរុប ៤៣២ ៣៦០ គ្រឿង ដែលជាការធ្លាក់ចុះ ១៣.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការលក់របស់ Tesla ផលិតនៅចិនមានភាពទន់ខ្សោយក្នុងរយៈពេលដប់ខែចុងក្រោយនេះ ខណៈការកើនឡើងប្រចាំឆ្នាំចុងក្រោយបង្អស់គឺកាលពីខែកញ្ញា ឆ្នាំ ២០២៤។ មូលហេតុនៃការធ្លាក់ចុះនេះគឺ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការប្រកួតប្រជែងដ៏ខ្លាំងក្លា: នៅក្នុងទីផ្សារប្រទេសចិន រថយន្ត Tesla Model Y កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីគូប្រជែងក្នុងស្រុកជាច្រើនដូចជា BYD Xpeng, និង Li Auto ដែលបានដាក់លក់ម៉ូដែលថ្មីៗក្នុងតម្លៃទាបជាង។
  • សម្ពាធតម្លៃ: គូប្រជែងក្នុងស្រុកបានផ្តល់ការបញ្ចុះតម្លៃយ៉ាងខ្លាំង ដែលធ្វើឱ្យរថយន្ត Tesla Model Y ស្ថិតក្រោមសម្ពាធខ្លាំង។
  • ការថយចុះនៃការនាំចេញ: ការនាំចេញរថយន្តទៅកាន់ទីផ្សារក្រៅប្រទេសក៏មានការធ្លាក់ចុះផងដែរ។

Tesla launches new-look Model Y in China | TechCrunchក្រុមហ៊ុន Tesla នៅប្រទេសចិនមានរោងចក្រផលិតរថយន្តតែមួយគត់នៅទីក្រុងសៀងហៃ ហើយផលិតតែពីរម៉ូឌែលប៉ុណ្ណោះគឺ៖ រថយន្ត Model 3 និងរថយន្ត Model Y។ ក្រុមហ៊ុន Tesla មានគម្រោងដាក់លក់រថយន្ត Model Y L ដែលមានកៅអី ៦ នៅប្រទេសចិនក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយរថយន្ត MPVs និងរថយន្ត SUV ធំៗដែលមានកៅអីបីជួររបស់ចិនដូចជា Li Auto i8, Onvo L90 ឬ Aito M8។

យោងតាមការបង្ហាញរបស់និយតករចិនកាលពីខែកក្កដា Model Y L មានទំហំធំជាងនេះនឹងមានប្រវែងកង់វែងជាង Model Y កៅអី ៥ ដល់ទៅ ១៥០ មីល្លីម៉ែត្រ និងមានប្រវែងតួរថយន្តវែងជាង ១៧៩ មីល្លីម៉ែត្រ។ វិមាត្រពិតប្រាកដនៃរថយន្តកៅអី ៦ ថ្មីនេះគឺ៖ ប្រវែងតួខ្លួនសរុប ៤ ៩៧៦ មីល្លីម៉ែត្រ, ទទឹង ១ ៩២០ មីល្លីម៉ែត្រ, កម្ពស់ ១ ៦៦៨ មីល្លីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ៣,០៤០ មីល្លីម៉ែត្រ។ រថយន្ដ Tesla Model Y L នឹងប្រើប្រាស់អាគុយប្រភេទ ternary NMC ពីក្រុមហ៊ុន LG។

រំលឹកថយក្រោយបន្ថិចកាលពីឆ្នាំ ២០២៤ រថយន្ត Model Y គឺជាម៉ូដែលលេចធ្លោរបស់ Tesla នៅប្រទេសចិន ដោយលក់បាន ៤៨០,៣០៩ គ្រឿង ដែលធ្វើឱ្យវាក្លាយជារថយន្តលក់ដាច់បំផុតនៅប្រទេសចិន។ វាបានរួមចំណែក ៧៤.៦% នៃការលក់សរុបរបស់ Tesla នៅក្នុងស្រុក ចំណែកឯការលក់រថយន្ត Model 3 គឺនៅសល់។ រថយន្ត SUV ទំហំមធ្យមមួយនេះអាចលក់ដាច់បានយ៉ាងល្អ ទោះបីជាមានសម្ពាធពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនជាច្រើនក៏ដោយ រួមមាន Xpeng G6, Deepal S7, Zeekr 7X, និង Onvo L60៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម