ការចុះផ្សាយរបស់ The Japan Times បានបង្ហាញថាការលក់រថយន្តនៅទីក្រុងវូហាន ដែលជាប្រភពផ្ទុះចេញជំងឺកូវីដ១៩ បានចាប់ផ្ដើមមានសញ្ញាផ្ទុះឡើងវិញ ដោយក្រុមហ៊ុន Audi សង្កេតឃើញមានការកើនឡើងវិញលើចំនួនទិញរថយន្តដូចជាម៉ូដែល Audi A3 និង Audi Q5 ជាដើម។
ចំនួនលក់ប្រចាំថ្ងៃរបស់ Audi និងក្រុមហ៊ុនរថយន្តមួយចំនួនទៀតគឺមានកើនឡើងលើសមុនការបិទទីក្រុង ត្បិតថាមានការរំពឹងទុកថាសេដ្ឋកិច្ចអាចនឹងនៅទ្រឹងមួយរយៈពេលយូរក្រោយពីការផ្ទុះជំងឺកូវីដ១៩បានធូរស្បើយ។ វាអាចជាសញ្ញាល្អមួយ ដោយទីផ្សារដទៃទៀតពិភពលោកអាចនឹងងើបឡើងវិញបានភ្លាមៗ ក្រោយពីជំងឺកូវីដ១៩ស្ងប់ស្ងាត់ទៅវិញ។
គួរដឹងថានៅពេលដែលជំងឺកូវីដ១៩ចាប់ផ្ដើមរាតត្បាត ទីក្រុងវូហានត្រូវបានបិទ ហើយហាងលក់រថយន្តជាច្រើនក៏ត្រូវបិទទ្វាររបស់ខ្លួនរហូតដល់ ២ខែឯណោះ។ គួរដឹងរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យពលរដ្ឋចាកចេញពីទីក្រុងវូហានជាលើកដំបូងនាថ្ងៃពុធ ក្រោយពីការបិទរយៈពេល ៧៦ ថ្ងៃរួចមក៕