ទើបបាន៥ខែសោះ ឡានអគ្គិសនី VW ផលិតសម្រាប់ឆ្នាំ២០២២ លក់ដាច់អស់គ្មានសល់

[ទីផ្សារបរទេស] ឆ្នាំ២០២២ ទើបតែរំលងផុតបានមិនទាន់៥ខែស្រួលបួលផង ប៉ុន្តែនាយកប្រតិបត្តិ Volkswagen លោក Herbert Diess បានបង្ហាញថាក្រុមហ៊ុនបានលក់ដាច់អស់នូវរថយន្តអគ្គិសនីដែលគ្រោងផលិតសម្រាប់លក់នៅពេញមួយឆ្នាំ២០២២នេះ។

និយាយជាមួយ Financial Times នាយកប្រតិបត្តិរូបនេះបាននិយាយថា​អតិថិជននៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបដែលកុម្ម៉ង់​ទិញ​រថយន្ត​អគ្គិសនីនៅថ្ងៃនេះ នឹងត្រូវរង់ចាំដល់ឆ្នាំ២០២៣ ទើបទទួលបានរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមនោះដែរលោក Herbert បាននិយាយថារថយន្តគ្រប់ម៉ូដែលទាំងអស់របស់ Volkswagen មានចាប់ពី ID.3, ID.4 រួម​ទាំង​រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Audi ជាដើម គឺទទួលបានការគាំទ្រខ្លាំង​ ហើយម៉ាករថយន្ត Škoda ក៏​ទទួល​បាន​ការពេញ​និយម​ខ្លាំងដែរនៅអឺរ៉ុប។

ត្បិតថាមានបញ្ហាក្នុងការផ្គត់ផ្គង់តម្រូវការមែន ប៉ុន្តែ Volkswagen មិនបានបន្ថយល្បឿនលើការប្រកាសចេញរថយន្តអគ្គិសនីថ្មីៗ​ឡើយ ដោយក្រុមហ៊ុនទើបបានបង្ហាញចេញរថយន្ត ID. Buzz និង ID. Buzz Cargo កាលពីខែមីនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម