[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បានសាងកំណត់ត្រាថ្មីមិនធ្លាប់មានមួយទៀតប្រចាំត្រីមាសដំបូងនៃឆ្នាំ២០២២នេះ ត្បិតថាត្រូវរងផលប៉ះពាល់ខ្លាំងដោយសារបញ្ហាផ្គត់ផ្គង់ និងបញ្ហាបិទរោងចក្រដោយសារជំងឺកូវីដ១៩ក៏ដោយក្ដី។
នៅរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ Tesla អាចលក់រថយន្តសរុបបាន ៣១០ ០៤៨គ្រឿង ដែលមានការកើនឡើង ៦៨% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១។
ក្នុងនោះដែរ មានរថយន្តចំនួន ២៩៥ ៣២៤គ្រឿង គឺជារថយន្ត Tesla Model 3 និង Model Y ហើយនៅសេសសល់គឺជាចំនួនលក់នៃរថយន្ត Tesla Model S ជាមួយរថយន្ត Tesla Model X។
រំលឹកថារោងចក្រផលិតរថយន្ត Tesla នៅទីក្រុងសៀងហៃបានរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩ ដោយកាលពីថ្ងៃទី២៨ ខែមីនា រោងចក្រនេះត្រូវបានបិទដំណើរទាំងស្រុង ដោយសារតែវិធានការបិទខ្ទប់ពីរដំណាក់កាលដែលត្រូវបានដាក់អនុវត្តន៍នៅតាមតំបន់នៃទីក្រុងដែលមានការកើនឡើងករណីឆ្លងជំងឺកូវីដ១៩។
Tesla ដើមឡើយត្រូវចាប់ផ្ដើមការផលិតនៅថ្ងៃទី០៤ ខែមេសានេះ ប៉ុន្តែការផលិតត្រូវបានរំសាយចោល ដោយសារតែផ្នែកជាច្រើននៃទីក្រុងសៀងហៃនៅបន្តបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅឡើយ។
គួរដឹងដែរថាលទ្ធផលទាក់ទងនឹងផ្នែកហិរញ្ញវត្ថុប្រចាំត្រីមាសទីមួយ នៃឆ្នាំ២០២២នេះ នឹងត្រូវប្រកាសចេញនៅថ្ងៃទី២០ ខែមេសា ហើយក្រុមហ៊ុនបានបង្ហាញក្ដីរំពឹងថាការលក់ប្រចាំឆ្នាំ២០២២ នឹងមានការកើនឡើងចំនួន ៥០% ធៀបនឹងឆ្នាំ២០២១៕