ក្រុមហ៊ុននាំចូលឯកជនមួយនៅទីក្រុងហាណូយ បានធ្វើការចាប់ផ្តើមបើកទូកុងទីនឺនៃរថយន្ត Honda Civic Type R ជំនាន់ទី៥ គ្រឿងដំបូងគេ នៅកំពង់ផែ Cat Lai ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
កាលពីមុនរថយន្ត Honda Civic Type R នេះមានវត្តមាននៅលើទីផ្សារប្រទេសវៀតណាម ប៉ុន្តែក្នុងទម្រង់នៃការនាំចូលបណ្តោះអាសន្នសម្រាប់ការនាំចេញឡើងវិញ ដោយនាំយកមកវិញក្នុងគោលបំណងដាក់តាំងពិពណ៍នៅឯ Vietnam Motor Show 2018។
ជាមួយនឹងពណ៍ Phoenix Yellow នៅលើផ្នែកខាងក្រៅ Civic Type R នេះ ជាម៉ូឌែលផលិតមានកំណត់ Limited Edition ដែលមានចំនួនត្រឹម ៧០០ គ្រឿងនៅទូទាំងពិភពលោក។ បន្ថែមពីនេះរថយន្តដែលលេចមុខនៅប្រទេសវៀតណាមត្រូវបានគេនាំចូលពីសហរដ្ឋអាមេរិក។
រថយន្ត Honda Civic Type R រចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ល្អបំផុតនៅក្នុងកម្រិតរបស់វាទាំងនៅលើផ្លូវ Type R ត្រូវបានបង្កើតឡើងស្របជាមួយនឹងរថយន្ត Civic hatchback ។ ហើយម៉ូឌែលសេរ៊ីថ្មីនេះត្រូវបានអភិវឌ្ឍយ៉ាងល្អដើម្បីបង្កើនប្រសិទ្ធទៅលើប្រព័ន្ធលំហូខ្យល់ និងជួយឱ្យរថយន្តមានសមត្ថភាពរត់បានលឿន និងគ្រប់គ្រងផ្លូវបានល្អ។
ដោយទ្បែកបើប្រៀបធៀបទៅនឹងជំនាន់មុន Honda Civic Type R 2018 មានទំហំធំជាង។
ប្រព័ន្ធDual-Axis Strut Front ជួយកាត់បន្ថយសន្ទស្សន៍កម្លាំងបង្វិលជុំ បង្កើនសមត្ថភាពកាច់ជ្រុងព្រមទាំងការកាច់ចង្កូត។ ហើយនៅផ្នែកខាងក្រោយ Multi-link suspension ថ្មីរបស់ Type R បង្កើនផាសុកភាពក្នុងការជិះ ក៏ដូចជាស្ថេរភាពក្នុងល្បឿនលឿន បន្ថែមជាមួយប្រព័ន្ធបូម Adaptive Damper System នៅលើកង់ទាំងបួន ដើម្បីជួយផ្តល់នូវបទពិសោធន៍នៃការបើកបរ និងការអូសទាញ។
សម្រាប់រថយន្ត Honda Civic Type R 2018 បានបំពាក់នូវប្រព័ន្ធកម្សាន្តមានលក្ខណៈស្រដៀងទៅនឹង Civic ដោយរួមមានអេក្រង់ infotainment ៧ អ៊ីង មានមុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធសំឡេង ១២ ចំណុច ដែលមានទំហំរហូតដល់ ៥៤០វ៉ាត់។
រថយន្ត Honda Civic Type R 2018 បានប្រើប្រាស់ម៉ាស៊ីសាំង VTEC Turbo ចំណុះ ២.០ លីត្រ ផលិតកម្លាំង ៣១០សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៦ វគ្គ រត់ដោយកង់មុខ អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៥.៧ វិនាទី ។ យ៉ាងណាមិញបច្ចុប្បន្ននេះតម្លៃលក់របស់ម៉ូដែលនេះនៅប្រទេសវៀតណាមមិនត្រូវបានគេប្រកាសនោះទេ៕