គូរប្រជែង Tesla Model 3 មកពីប្រទេសចិន សាកថ្មម្តងជិះបានចម្ងាយជាង ១ ០០០ គ.ម បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសចិន Nio បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត Sedan ម៉ូឌែលថ្មី ET5 ដែលជាគូរប្រជែងនៃរថយន្ត Tesla Model 3។

រថយន្ត Nio ET5 មានប្រវែងសរុប ៤ ៧៩០មម, ទទឹង ១ ៩៦០មម, កម្ពស់ ១ ៤៩៩មម និងប្រវែងគម្លាតកង់ ២ ៨៨៨មម។ ដោយវាមានប្រវែងជាងរថយន្ត Tesla Model 3 ចំនួន១៨៤,៨អ៊ីញ កម្ពស់ខ្ពស់ជាង ៥៦,៤អ៊ីញ ទទឹងវែងជាង ៧២,៨អ៊ីញ និងប្រវែងគម្លាតកង់ ១១៣,២អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Nio ET5 បំពាក់ដោយម៉ូទ័រអគ្គិសនី ២ ដែលមានកម្លាំង ១៥០ គីទ្បូវ៉ាត់ នៅផ្នែកខាងមុខ និង ២១០ គីទ្បូវ៉ាត់ នៅផ្នែកខាងក្រោយ។ វាផលិតកម្លាំងបានសរុប ៤៨៩ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាចបង្កើនល្បឿនពី 0-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៣ វិនាទីប៉ុណ្ណោះ។

បន្ថែមពីនេះ យោងទៅតាមស្តង់ដារតេស្ត CLTC របស់ប្រទេសចិន សម្រាប់ការបំពាក់ជាមួយជម្រើសអាគុយ ៧៥ គីទ្បូវ៉ាត់ម៉ោង ប្រភេទ Standard Range មានសមត្ថភាពអាចបើកបរបានចម្ងាយប្រហែល ៥៥០ គីឡូម៉ែត្រនៅពេលសាកពេញម្តង  ខណៈដែលអាគុយ ១០០ គីទ្បូវ៉ាត់ម៉ោង Long Range ផ្តល់ចម្ងាយ ៧០០ គីឡូម៉ែត្រ។ ប៉ុន្តែប្រសិនបើវាមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នោះទេ វាក៏មាន Ultralong Range រហូតដល់ទៅ ១៥០ គីទ្បូវ៉ាត់ម៉ោង ដែលអាចបើកបរបានជាង ១ ០០០ គីឡូម៉ែត្រ។

ចំពោះការឌីហ្សាញខាងក្នុងវិញរថយន្ត Nio ET5 បានបំពាក់មកជាមួយ អេក្រង់ដែលអោយឈ្មោះថា Tablet-Style នៅលើ Console កណ្តាល រួមជាមួយនឹងកុងទ័របង្ហាញ HDR ទំហំ ១០,៥ អ៊ីង។ បន្ថែមពីនេះវាក៏បានភ្ជាប់មកជាមួយ PanoCinema ដែលដូចជាកាប៊ីនយន្តហោះឌីជីថល ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Augmented និង Virtual Reality។ ជាមួយបច្ចេកវិទ្យានេះ Nio បានធ្វើការសហការរវាង NREAL និង Nolo ក្នុងការអផិវឌ្ឍន៍នូវវែនតា AR និង VR សម្រាប់ ET5នេះ ដែលអាចបញ្ចាំងរូបភាពធំរហូតដល់ ២០១ អ៊ីង ឬ ៦ម៉ែត្រ រួមជាមួយផែនការបង្ហាញរហូតដល់កម្រិត 4K។

ក្រៅពីនេះវាក៏បានភ្ជាប់ជាមួយនឹងអំពូលបំភ្លឺខាងក្នុងមានជម្រើសពណ៌ចំនួន ២៥៦ពណ៌, ប្រព័ន្ធសម្លេង Dolby Atmos 7.1.4 Surround Sound និង UWB Digital និង Smart Key។

ចំណុចលេចធ្លោផ្សេងទៀតរួមមាន NIO Autonomous Driving (NAD), NIO Aquila Super Sensing និង NIO Adam Super Computing systems ដែលក្រុមហ៊ុនចិននិយាយវានឹងអនុញ្ញាតឱ្យ ET5 “សម្រេចបានបន្តិចម្តងៗនូវបទពិសោធន៍បើកបរស្វ័យភាពប្រកបដោយសុវត្ថិភាព និងធានាឡើងវិញនៅបទពិសោធន៍ក្នុងការបើកបរ ជាក់ស្តែងដូចជាផ្លូវហាយវេ តំបន់ទីប្រជុំជន ចំណតរថយន្ត និងការប្តូរអាគុយ។ លក្ខណៈពិសេសពេញលេញរបស់ NAD នឹងត្រូវបានដំណើរការជាបណ្តើរៗបន្ទាប់ពី ការអភិវឌ្ឍន៍បញ្ចប់ ដែលផ្តល់អោយសម្រាប់ម្ចាស់រថយន្តជនជាតិចិនតាមរយៈការជាវប្រចាំខែ ដែលមានតម្លៃប្រហែល ១០៥ដុល្លារ ក្រោមសេវាកម្ម ADaaS។

សូមបញ្ជាក់ថារថយន្ត Nio ET5 នឹងបង្ហាញវត្តមានជាផ្លូវការនៅអាគាតាំងបង្ហាញរបស់ក្រុមហ៊ុន Nio ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ តទៅ ជាមួយនឹងតម្លៃចាប់ផ្តើមប្រហែល ៣២៨,០០០ យន់ ឬប្រហែល ៥​០ ៦៩៧ ដុល្លារ​ សម្រាប់ទីផ្សារក្នុងប្រទេសចិន ហើយវាក៏មានគម្រោងដាក់លក់នៅប្រទេសន័រវេស អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និងដាណឺម៉ាកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម