
ក្រុមហ៊ុនជប៉ុន Nissan បានដាក់បង្ហាញប្រព័ន្ធសូឡា ‘Ao-Solar Extender’ អាចបើកពង្រីកបានត្រូវបំពាក់លើដំបូលរថយន្ត ដែលត្រូវបានរចនាឡើងសម្រាប់រថយន្តអគ្គិសនី Nissan Sakura Kei EV ជាពិសេស។
ប្រព័ន្ធសូឡាបំពាក់លើដំបូលរថយន្តនេះ អាចពង្រីកចម្ងាយបើកបររបស់រថយន្តអគ្គិសនី (EV) បានរហូតដល់ 3 000 គីឡូម៉ែត្រ ក្នុងមួយឆ្នាំ។ វាត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Nissan ផ្ទាល់ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធអគ្គិសនីជាតិ និងសម្រួលដល់ការសាកថ្មរថយន្តអគ្គិសនី។ បន្ទះសូឡាទាំងនេះអាចដំណើរការបានទាំងពេលបើកបរ និងពេលចត ដោយបង្កើតថាមពលបានរហូតដល់ 500 វ៉ាត់។
នៅពេលដែលបន្ទះសូឡាត្រូវបានពង្រីក វាផ្តល់ម្លប់ កាត់បន្ថយសីតុណ្ហភាពក្នុងកាប៊ីនរថយន្ត និងកាត់បន្ថយតម្រូវការថាមពលម៉ាស៊ីនត្រជាក់។ ឧបករណ៍សូឡាត្រូវបានរចនាឲ្យមានទម្ងន់ស្រាល ដើម្បីស៊ីគ្នាជាមួយនឹងរូបរាងរបស់រថយន្ត Sakura ដោយបន្ថែមការទប់ទល់នឹងខ្យល់តិចតួចបំផុត ខណៈពេលដែលផ្តល់នូវការបង្កើនចម្ងាយបើកបរ និងភាពងាយស្រួលនៃការសាកថ្មគួរឲ្យកត់សម្គាល់។
សម្រាប់ម្ចាស់រថយន្ត Sakura ជារថយន្ដបែប City Car សម្រាប់បើកបរក្នុងក្រុងចម្ងាយជិតៗ សម្រាប់បំពេញកិច្ចការ ឬជូនកូនទៅសាលារៀន ថាមពលសូឡានេះអាចលុបបំបាត់តម្រូវការក្នុងការសាកថ្មតាមរយៈដោតភ្លើងបានស្ទើរតែទាំងស្រុង។ លើសពីនេះ ប្រព័ន្ធនេះក៏អាចដើរតួជា ប្រភពថាមពលសង្គ្រោះបន្ទាន់ (emergency power source) ក្នុងអំឡុងពេលជួបបញ្ហាណាមួយ ដូច្នេះរថយន្ដអស់ថ្ម ប៉ុន្ដែគ្មានស្ថានីយសាកនៅក្បែរជាដើម។
ប្រព័ន្ធ Ao-Solar Extender នឹងត្រូវដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Japan Mobility Show 2025 ដោយបង្ហាញនៅក្នុងតំបន់ Tokyo Future Tour “City Life Zone” ដែលរៀបចំដោយសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (Japan Automobile Manufacturers Association – JAMA)៕