
ប្រសិនបើបងប្អូនជាអ្នកប្រើប្រាស់ឡានអគ្គិសនីរបស់់ក្រុមហ៊ុន Geely ច្បាស់ជាធ្លាប់ឮពាក្យមួយដែលគេហៅថា EM-i ជាមិនខាន តួយ៉ាងដូចជា Geely EX5 EM-i ឬ Geely Starray EM-i ជាដើម។ អញ្ចឹង តើពាក្យ EM-i ហ្នឹងមានន័យដូចម្តេចទៅ?

EM-i វាគឺជាពាក្យមួយដែលមានន័យថា E-Motive intelligence ដែលជាបច្ចេកវិទ្យាកូនកាត់ Plug-in Hybrid របស់ក្រុមហ៊ុន Geely ។ ជាទូទៅ បច្ចេកវិទ្យានេះ គឺត្រូវបានរចនាឡើងដើម្បីឱ្យរថយន្តមានទាំងកម្លាំង និងការសន្សំសំចៃប្រេងកាន់តែខ្ពស់ជាងឡានធម្មតា។

ជាធម្មតា រថយន្ត EM-i គឺប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ រួមជាមួយនឹងម៉ូទ័រអគ្គិសនីគោលចំនួន ១ ប៉ុណ្ណោះ ប៉ុន្តែវាក៏មាននូវម៉ូទ័រអគ្គិសនីរងមួយផ្សេងទៀត ដើម្បីដើរតួជាម៉ាស៊ីនភ្លើងជាមួយម៉ាស៊ីនសាំងផងដែរ។ បើនិយាយឲស្រួលស្តាប់ ឡាន EM-i គឺប្រើប្រាស់នូវម៉ាស៊ីនសាំងចំនួន ១ និងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន ២ គឺ P1 និង P3 ។ ដែល P1 ដើរតួជាម៉ាស៊ីនភ្លើងជាមួយម៉ាស៊ីនសាំង និង P3 ដើរតួជាក្បាលម៉ាស៊ីន ឬម៉ូទ័រមេសម្រាប់ដំណើរការរថយន្ត។
ជាឧទាហរណ៏ នៅពេលដែលម៉ាស៊ីនសាំងដំណើរការ វានឹងទៅបង្វិលម៉ូទ័រ P1 ដើម្បីបង្កើតជាថាមពលអគ្គិសនីបញ្ជូនទៅសាកអាគុយ ឬបញ្ជូនទៅម៉ូទ័រ P3 ដើម្បីដំណើរការរថយន្ត។

ងាកមកប្រព័ន្ធអាគុយវិញ សម្រាប់អាគុយដែលប្រើក្នុងប្រព័ន្ធ EM-i គឺអាគុយប្រភេទ LFP ។ ភាគច្រើន សម្រាប់ម៉ូឌែលថ្មីៗដូចជា Geely Starray EM-i ឆ្នាំ ២០២៦ វាគឺអាចបើកបរបានចម្ងាយចាប់ពី ៥៥ ដល់ ២០០គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីសុទ្ធ។
សរុបមក ពេលដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំង រថយន្ត EM-i គឺអាចបើកបរបានចម្ងាយដល់ទៅ ១,៥៧៥គីឡូម៉ែត្រឯណ្ណោះ អាស្រ័យទៅលើជម្រើសដែលបានជ្រើសរើស បើយោងតាមស្តង់ដារ CLTC ។ ចំណែកកម្រិតស៊ីប្រេងវិញ បើយោងតាមគេហទំព័រ Geely ផ្ទាល់ រថយន្តដែលប្រើបច្ចេកវិទ្យា EM-i ជំនាន់ចុងក្រោយ អាចស៊ីប្រេងទាបបំផុតត្រឹមតែ ២,៤ ទៅ ២,៦លីត្រ ក្នុង ១០០គីឡូម៉ែត្រប៉ុណ្ណោះ។ ដូចនេះ គឺមានភាពសន្សំសំចៃខ្លាំងបើប្រៀបធៀបទៅនឹងរថយន្ត Hybrid មួយចំនួន។

គួរបញ្ជាក់ថា ក្រៅពីលក្ខណៈពិសេសទាំងនេះ សម្រាប់ប្រព័ន្ធ EM-i នេះផ្ទាល់់ ក៏រួមបញ្ចូលនូវប្រព័ន្ធបើកបរដ៏ឆ្លាតវៃចំនួន ៣ ផងដែរ៖
១) Pure Electric Mode
វាប្រើតែថ្ម និងម៉ូទ័រអគ្គិនីប៉ុណ្ណោះ បង្កើតឡើងជាពិសេសសម្រាប់ការបើកបរក្នុងទីក្រុង និងផ្តល់ពិសោធន៍ទៅលើការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធសាធដែលជួយឱ្យការចំណាយប្រចាំថ្ងៃកាន់តែមានភាពសន្សំសំចៃ។ ជាធម្មតា នៅពេលប្រើមុខងារនេះ ថ្មរបស់រថយន្តនឹងត្រូវសាកឡើងវិញ តាមរយៈមុខងារជាន់ហ្វ្រាំងទាញយកថាមពល Regenerative Braking ។
២) Hybrid Mode
នៅពេលដែលថ្មដំណើរការអស់ប្រសិទ្ធភាព នោះម៉ាស៊ីនសាំងនឹងចាប់ផ្តើមដំណើរការជាអ្នកបង្កើតថាមពល ហើយសាកថាមពលទៅអាគុយដោយផ្ទាល់ ប៉ុន្តែអាគុយក៏អាចសាកជាមួយមុខងារជាន់ហ្វ្រាំងទាញយកថាមពល Regenerative Braking បានផងដែរ។ ហើយចំណែកម៉ូទ័រអគ្គិសនីវិញនៅតែជាក្បាលម៉ាស៊ីនសម្រាប់ដំណើរការទៅលើរថយន្តដដែល។ លក្ខណៈពិសេសរបស់មុខងារនេះ គឺជួយរក្សាការប្រើប្រាស់ប្រេងឥន្ធនៈឱ្យទាប និងធ្វើឲរថយន្តអាចបើកបរបានកាន់តែឆ្ងាយ។
៣) Power Mode
នៅពេលដែលរថយន្តត្រូវការបង្កើនល្បឿន ឬបើកបរក្នុងល្បឿនលឿនខ្លាំងដើម្បីវ៉ាជែង នោះម៉ូទ័រអគ្គិសនី និងម៉ាស៊ីននឹងធ្វើការរួមគ្នាដើម្បីផ្ដល់កម្លាំងទៅដល់រថយន្ត។ លក្ខណៈពិសេសរបស់មុខងារនេះ គឺជួយបន្ថែមកម្លាំងទៅរថយន្តនៅពេលចាំបាច់ និងធ្វើឲរថយន្តកាន់តែមានកម្លាំងកាន់តែខ្លាំងជាងមុខងារផ្សេងៗ៕





















