
អ្នកបើកបរទាំងឡាយ តែងតែត្រូវបានក្រើនរំលឹកឲ្យឧស្សាហ៍ពិនិត្យរថយន្ត ដើម្បីបង្ការ និងស្វែងរកកំហូចណាមួយនៅប្លុកម៉ាស៊ីន មុនចេញដំណើរ។ យ៉ាងណាមិញ ពេលខ្លះទោះជាយើងបានយកចិត្តទុកដាក់ឆែកគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាកើតឡើងដោយជៀសមិនរួច ពោលគឺវាអាចខូចចំណុចណាមួយភ្លាមៗ ពេលកំពុងបើកបរតាមផ្លូវ ដែលធ្វើឲ្យរថយន្តរលត់តែម្តង។
ដូច្នេះ នៅពេលកំពុងបើករថយន្តតាមផ្លូវ ហើយស្រាប់តែរលត់ម៉ាស៊ីននោះ លោកអ្នកអាចគិតលើកំហូចធំៗប៉ុន្មានចំណុចខាងក្រោមនេះ៖
- អស់សាំងៈ វាច្បាស់ហើយថា រថយន្តមិនអាចបន្តដំណើរទៀតឡើយ ហើយកត្តាចម្បងដែលធ្វើឲ្យអ្នកភ្លេចចាក់សាំង គឺអាចមកពីកុងទ័រសាំងខូច បណ្តាលឲ្យអ្នកមិនអាចដឹងពីកម្រិតសាំងនៅសល់។
- បូមសាំងៈ វាមានតួនាទីបញ្ជូនសាំងពីធុងសាំង ចូលទៅក្នុងម៉ាស៊ីនដើម្បីដុតចំហេះជាមួយប៊ូស៊ី ដើម្បីឲ្យម៉ាស៊ីនដំណើរការបាន។ ដូច្នេះ បើវាខូច គឺវាមិនអាចបំពេញការងារវាបានឡើយ។
- ឌីណាម៉ូ: វាជាអ្នកសាកភ្លើងចូលអាគុយ និងផ្តល់ភ្លើងសម្រាប់រថយន្ត ពេលម៉ាស៊ីនដំណើរការ។ អ៊ីចឹងបើវាខូច រថយន្តក៏មិនអាចបន្តដំណើរទៀតដែរ។
- អាគុយ: ពេលវាខូច គឺនឹងមិនសាកភ្លើងចូលទៀតឡើយ ហើយថាមពលក្នុងរថយន្តក៏នឹងត្រូវកាត់ផ្តាច់ទាំងស្រុង។
- ប៊ូស៊ី ឬម៉ូប៊ីន: ពួកវាជាអ្នកផ្តល់ផ្កាភ្លើង ដើម្បីដុតចំហេះជាមួយសាំង អ៊ីចឹងវានឹងបញ្ឈប់ម៉ាស៊ីនភ្លាមៗ នៅពេលវាខូច។
- ឡើងកម្តៅខ្លាំង: វាពាក់ព័ន្ធនឹងប្រព័ន្ធទឹក ដូចជាខូចធុងទឹក បូមទឹក ឬមានការលេចជ្រាបទឹក ដែលធ្វើឲ្យមានបរិមាណទឹកទាបមិនគ្រប់គ្រាន់ បណ្តាលឲ្យម៉ាស៊ីនឡើងកម្តៅខ្លាំង ដូច្នេះវានឹងផ្តាច់បិទម៉ាស៊ីនខ្លួនវា ដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរ។
- ប្រព័ន្ធ ECU: វាជាខួរក្បាលប្រព័ន្ធម៉ាស៊ីនរថយន្តតែម្តង ពោលគឺវាមានតួនាទីជាអ្នកប្រមូលព័ត៌មានពីប្រព័ន្ធម៉ាស៊ីន និងគណនាការដុតកម្រិតសាំង និងល្បាយខ្យល់ ឱ្យបានត្រឹមត្រូវ។ បើប្រព័ន្ធ ECU នេះមានបញ្ហា នោះរថយន្តអ្នកអាចនឹងបាត់បង់ថាមពលភ្លាមៗ ចេញសញ្ញា check និងអាចរលត់ម៉ាស៊ីនផងដែរ៕