ធ្លាយចេញច្បាស់ៗរូបរាងឡាន Audi Q6 ត្រៀមប្រកាសចេញខែក្រោយ

[ទីផ្សារបរទេស] រូបរាងរថយន្ត Audi Q6 ដែលជាម៉ូដែលថ្មីសន្លាងមួយ ក្រុមហ៊ុនត្រៀមប្រកាសចេញសម្រាប់ទីផ្សារប្រទេសចិននាខែក្រោយនេះ បានលេចធ្លាយតាមរយៈមន្ទីរឧស្សាហកម្ម និងព័ត៌មានវិទ្យាចិនដែលហៅកាត់ថា MITT។

រថយន្ត Audi Q6 ត្រូវបានបង្ហាញព័ត៌មានចេញមកថាវាមានប្រវែងសរុប៥០៩៩ម.ម ទទឹង២០១៤ម.ម និងមានកម្ពស់១៧៨៤ម.ម ដែលជារថយន្តផលិតឡើងផ្ដាច់មុខសម្រាប់ប្រទេសចិន និងផលិតឡើងដោយផ្អែកលើរថយន្ត Volkswagen Atlas។ យ៉ាងណាក្ដីវាមានប្រវែងវែងជា VW Atlas និងមានទទឹងធំជាងបន្តិច ខណៈដែលប្រវែងពីកង់ទៅកង់ក្រោយគឺមានប្រវែង ២៩៨០ម.ម ដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដែរនឹងមានប្រើប្រាស់នូវម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន Quattro និងប្រអប់លេខស្វ័យប្រវត្តិផងដែរ។ ចំពោះម៉ូដែល 40 TFSI វាអាចផលិតកម្លាំងបានសរុប ២២៨សេះ ខណៈដែលម៉ូដែល 45 TFSI អាចផលិតកម្លាំងបាន ២៦២សេះ។

ផ្អែកតាមឯកសារបានបង្ហាញទៀតថា Audi Q6 នេះគឺមានទម្ងន់ ២២០៥គីឡូក្រាម និងអាចបើកបរបានលឿនបំផុតក្នុងល្បឿន ២០៧គ.ម/ម៉។ រថយន្តកៅអីបីជួរនេះ នឹងបង្ហាញវត្តមានជាផ្លូវការនាខែក្រោយនេះ ក្នុងអំឡុងកម្មវិធីតាំងបង្ហាញរថយន្ត Auto China ឆ្នាំ២០២២ ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម