នេះជា Lamborghini ដែលលក់ដេញថ្លៃបានថ្លៃជាងគេ

កាល​ពី​ឆ្នាំ ២០១៦ បណ្ដុំ​រថយន្ត​ស៊េរី​កប់​ជា​ច្រើន ដែល​ជា​កម្មសិទ្ធិ​របស់ Teodoro Nguema Obiang Mangue អនុ​ប្រធានាធិបតី​ប្រទេស​ Equatorial Guinea និង​ជា​កូន​ប្រុស​របស់​ប្រធានាធិបតី​ប្រទេស​នេះ ត្រូវ​បាន​រឹប​អូស​ដោយ​សមត្ថកិច្ច​ស្វីស ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ករណី​លាង​លុយ​ខ្មៅ។

៣ ឆ្នាំ​ក្រោយ​មក រថយន្ត​ប្រណីត​ទាំង ២៥ គ្រឿង​ដែល​ត្រូវ​បាន​រឹប​អូស​ ត្រូវ​បាន​គេ​យក​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ប្រទេស​ស្វីស។ រថយន្ត​ដែល​ជា​តួ​អង្គ​ឯក គឺ Lamborghini Veneno Roadster ដែល​ជា​រថយន្ត​មហា​កម្រ​មួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​មាន​ត្រឹម ៩ គ្រឿង​ប៉ុណ្ណោះ ដែល​​ក្រុមហ៊ុន​ផលិត​ឡើង​ក្នុង​គោល​បំណង​អបអរ​សាទរ​ខួប​ទី ៥០ ឆ្នាំ​របស់ Lamborghini។ រថយន្ត​នេះ​រំពឹង​ថា​អាច​ដេញ​ថ្លៃ​បាន​​ខ្ទង់ ៥ លាន​ដុល្លារ ប៉ុន្តែ​ជា​លទ្ធផល​ទទួល​បាន​តម្លៃ​ដល់​ទៅ ៨,៣ លាន​ដុល្លារ ដែល​វា​ស្ទើរ​ស្មើ​ពីរ​ដង​នៃ​តម្លៃ​ដើម ហើយ​ក៏​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត Lamborghini លក់​ដេញ​ថ្លៃ​បាន​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

គួរ​ដឹង​ថា​រថយន្ត​ទាំង ២៥ គ្រឿង​ដែល​ដេញ​ថ្លៃ​មាន​ដូច​ជា​ Koenigsegg One:1, Ferrari LaFerrari, Aston Martin One-77 និង Bugatti Veyron ជា​ដើម ដែល​លក់​បាន​សរុប​ដល់ ៣៦ លាន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម