ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ រថយន្ត Toyota bZ ដែលពីមុនគឺជា bZ4X បានក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅអាមេរិក ចំនួន ១ម៉ឺន ២៩គ្រឿង កើនឡើងរហូតដល់ ៧៨,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការលក់របស់ Toyota នេះ បានទម្លាក់រថយន្តអគ្គិសនីរបស់ GM គឺ Chevy Equinox EV ចេញពីតំណែងដែលលក់បានចំនួន ៩៥៨៩គ្រឿង ធ្លាក់ចុះ ៧,២%។
កាលពីឆ្នាំមុន ការលក់រថយន្តអគ្គិសនីរបស់ Toyota នេះ សឹងតែមិនបានជាប់ Top10 ផងទេ ខណៈដែល Top3 គឺជា Tesla Model Y, Model 3 និង Equinox។ ចុះហេតុអ្វីដើមឆ្នាំនេះ ការលក់ bZ របស់ Toyota បានកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ?

មូលហេតុសំខាន់ៗនោះ គឺ Toyota bZ ត្រូវបានដំឡើងចម្ងាយបើកបរឆ្ងាយជាងមុនដល់ទៅ២៥% និងជាពិសេសមកជាមួយរន្ធដោតភ្លើង NACS ដែលអាចសាកនៅស្ថានីយ Tesla Superchargers បាន ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលរកកន្លែងសាក។ ជាមួយគ្នានេះ រយៈពេលនៃការសាកគឺប្រើពេលប្រហែលតែកន្លះម៉ោងប៉ុណ្ណោះ ពី ១០% ទៅ ៨០%។ ក្រៅពីនេះ គឺជាការអាប់ដេតផ្នែកខាងក្នុងរថយន្ត អេក្រង់កាន់តែធំជាងមុន និងបំពាក់មុខងារទំនើបជាងមុនផងដែរ។

គួរដឹងថា គិតត្រឹមដើមឆ្នាំ២០២៦នេះ រថយន្ត Toyota អគ្គិសនីចំនួន៣ម៉ូដែលដែលត្រូវបានដាក់លក់ក្នុងទីផ្សារអាមេរិក គឺ bZ, CH-R និង bZ Woodland។ ហើយនៅចុងឆ្នាំនេះ រថយន្តកៅអី៣ជួរ គឺ Toyota Highland BEV នឹងមានវត្តមានបន្ថែមទៀត ដែលនឹងកក្រើកខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកជាក់ជាមិនខាន៕
















