
[បរទេស] កាលពីពេលថ្មីនេះ រដ្ឋាភិបាលប្រទេសថៃ បានធ្វើការប្រកាសទាក់ទងនឹងការដាក់ចេញនូវបទប្បញ្ញត្តិថ្មីដើម្បីគាំទ្រដល់រថយន្តអគ្គិសនីសុទ្ធ រួមទាំងអគ្គីសនីលាយសាំង Hybrid និង Plug-in hybrid ទៅលើអត្រាពន្ធ នឹងត្រូវបានផ្លាស់ប្តូរ ដែលមានប្រសិទ្ធភាពចាប់ពីខែមករា ឆ្នាំ ២០២៦។
សម្រាប់បទប្បញ្ញត្តិថ្មីនេះ គឺរថយន្តប្រើអគ្គីសនីណាដែលអាចបើកបរបានរយៈចម្ងាយឆ្ងាយនឹងត្រូវយកពន្ធក្នុងអត្រាទាបជាងរថយន្តប្រើអគ្គិសនីដែលអាចបើកបរបានចម្ងាយជិត ។ ជាឧទាហរណ៍ ចំពោះរថយន្តប្រភេទ PHEV ដែលប្រើថាមពលអគ្គិសនីសុទ្ធ បើកបរបានចម្ងាយលើសពី ៨០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ត្រូវបានបង់ពន្ធ ៥% ខណៈពេលដែលអ្នកក្រោម ៨០ គីឡូម៉ែត្រត្រូវបានបង់ពន្ធ ១០% ។
លើសពីនេះទៀត សម្រាប់អត្រាពន្ធទៅលើរថយន្តអគ្គិសនីសុទ្ធ EV ក៏ត្រូវបានគណនាដោយផ្អែកលើទំហំ និងទម្ងន់នៃថ្មអាគុយ ដែលមានន័យថាថ្មអាគុយដែលមានទំហំធំ និងទម្ងន់ស្រាល ត្រូវបង់ពន្ធទាបជាងអាគុយដែលមានទំហំតូច និងមានទម្ងន់ធ្ងន់ ៕