បណ្ណបើកបរមាន៥ប្រភេទ អ៊ីចឹងតើអ្នកបើកបរម្នាក់ អាចមានសិទ្ធិកាន់បានប៉ុន្មានបណ្ណ?

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ឲ្យដឹងថា បណ្ណបើកបរជាតិសម្រាប់​បើកបរ​យានយន្ត​ក្នុងប្រទេសកម្ពុជា មាន ៥ប្រភេទ គឺ ប្រភេទ ក ខ គ ឃ និង ង។ ក្នុងនោះ

ប្រភេទ កៈ សម្រាប់ម៉ូតូ ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។

ប្រភេទខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភេទគៈ សម្រាប់​រថយន្តដឹកទំនិញ​ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន។

ប្រភេទឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ដោយបែងចែកជាប្រភេទ ឃ១ និងឃ២។ ក្នុងនោះ ឃ១ សម្រាប់​រថយន្តដឹកអ្នកដំណើរ​ចាប់ពី១០នាក់ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ។ ចំណែក ឃ២ សម្រាប់​រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ។

ប្រភេទងៈ សម្រាប់រថយន្តប្រភេទ ខ គ និងឃ មានសណ្តោងរ៉ឺម៉ក​ដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន។

សូមបញ្ជាក់​ថា ទោះបណ្ណ​បើកបរមានដល់ ៥ប្រភេទនេះក៏ដោយ ប៉ុន្តែអ្នកបើកបរម្នាក់​ មានសិទ្ធិកាន់បណ្ណបើកបរតែមួយគត់។ យ៉ាងណាមិញ ប្រសិនបើអ្នកមានបណ្ណបើកបរប្រភេទ ខ គឺមានសិទ្ធិ​ប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ និង ង បាន និងត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្តផងដែរ។

គួរដឹងដែរថា អាយុអ្នកបើកបរ ក៏ត្រូវកំណត់តាម​ប្រភេទបណ្ណបើកបរផងដែរ ដូចជា៖

-ចំពោះប្រភេទ ក និង ខ ត្រូវមានអាយុ ១៨ឆ្នាំយ៉ាងតិច

-ចំពោះប្រភេទ គ និង ឃ១ ត្រូវមានអាយុ ២២ឆ្នាំយ៉ាងតិច

-ចំពោះប្រភេទ ឃ២ និង ង ត្រូវមានអាយុ ២៤ឆ្នាំយ៉ាងតិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម