[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងបញ្ឈប់ការផលិតនៅក្នុងប្រទេសរុស្ស៊ី និងការផ្តល់រថយន្តនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនាពេលថ្មីៗនេះ។
ក្នុងនោះ Avtovaz ដែលជាក្រុមហ៊ុនផលិតរថយន្ត Lada និងជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់រុស្ស៊ីបានប្រកាសថា ខ្លួនអាចនឹងផ្អាកផលិតកម្មរបស់ខ្លួនមួយចំនួននៅថ្ងៃច័ន្ទ ដោយសារតែកង្វះខាតឈីប និងមានហេតុផលសំខាន់ៗ មកពីការគ្រប់គ្រងព្រំដែនដ៏តឹងរឹងរបស់រុស្ស៊ី និងភាពចាំបាច់ក្នុងការបង្វែរផ្លូវដឹកជញ្ជូន” នេះបើយោងតាមសារព័ត៌មាន Automotive News ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Renault គឺជាក្រុមហ៊ុនផលិតរថយន្តដែលវិនិយោគច្រើនជាងគេនៅក្នុងប្រទេសរុស្ស៊ី ដូចគ្នានេះផងដែរ Volkswagen បាននិយាយថា ខ្លួននឹងបញ្ឈប់ការផលិតក្នុងរយៈពេលពីរបីថ្ងៃនៅរោងចក្រចំនួនពីរបន្ទាប់ពីការពន្យារពេលក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ដែលផលិតនៅអ៊ុយក្រែន។
ក្នុងស្ថានភាពនេះ ក្រុមហ៊ុនផលិតរថយន្តក៏អាចមានការព្រួយបារម្ភអំពីបញ្ហាគ្រឿងបន្លាស់ផ្គត់ផ្គង់ដែលទាក់ទងនឹងលោហៈ palladium, platinum និង rhodium ដែលត្រូវបានប្រើក្នុងការផលិតឧបករណ៍បំប្លែងកាតាលីករ ឬបំពង់ស៊ីមាំងជាដើមប្រសិនបើសង្រ្គាមនៅតែបន្ត។
ជាមួយគ្នានេះ យោងតាម Nexta.TV បានបង្ហោះសារកាលពីម្សិលមិញថាក្រុមហ៊ុន Audi, Jaguar Land Rover, BMW, Mercedes-Benz, Citroen និង General Motors បានផ្អាកការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែគ្មានម្ចាស់ក្រុមហ៊ុនណាម្នាក់ចេញមកបញ្ជាក់ពីព័ត៌មាននេះជាផ្លូវការនោះទេ៕