
នេះគឺជាព្រឹត្តិការណ៍ដ៏ក្ដៅគគុកមួយ ដែលកំពុងតែល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Instagram និង TikTok ក្រោយជាងច្នៃឡានជនជាតិចិនម្នាក់ ដែលជាម្ចាស់គណនី BadGuyAutoMod1 បានសម្រេចចិត្តយករថយន្តស្ព័រ Audi R8 ម៉ាស៊ីន V10 ដ៏មានតម្លៃមួយគ្រឿង មកធ្វើការរុះរើ និងកាត់សាច់ចោលទាំងស្រុង ដើម្បីបំប្លែងរូបរាងទៅជាកំពូលរថយន្តលំដាប់ពិភពលោកគឺ Bugatti Chiron ។

នៅក្នុងដំណើរការនៃគម្រោងមួយនេះ អ្វីដែលធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ និងស្ដាយស្រណោះឡានជំនួសនោះ គឺលោកបានប្រើប្រាស់ម៉ាស៊ីនកាត់ទម្លាក់ដំបូលរបស់រថយន្ត Audi ចោលទាំងស្រុងតែម្តង ដើម្បីតម្រូវឱ្យកម្ពស់តួខ្លួនរបស់រថយន្តមានកម្ពស់ទាបទៅតាមទម្រង់ដើមរបស់រថយន្ត Bugatti ។ បន្ទាប់មក បន្ទាប់ពីបញ្ចប់ការកាត់រួច ទើបពួកគេចាប់ផ្ដើមដំឡើងតួខ្លួនថ្មីដែលជាសំបកកាបូនហ្វាយបឺយ៉ាងប្រណីតពីលើ។ មិនតែប៉ុណ្ណោះ សូម្បីតែផ្នែកកាប៊ីនខាងក្នុង ក៏ត្រូវបានរុះរើចេញយ៉ាងហ្មត់ចត់ និងបំពាក់ឡើងវិញនូវគ្រឿងស្បែកកែច្នៃលំដាប់ខ្ពស់ដោយដៃផ្ទាល់ផងដែរ។

ជាការពិតណាស់ កាលពីដំបូងឡើយ គម្រោងមួយនេះគែទទួលបានមតិរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកស្រឡាញ់រថយន្តជុំវិញពិភពលោក ព្រោះពួកគេយល់ថាជាការបំផ្លាញរថយន្តស្ព័រដ៏មានតម្លៃ ប៉ុន្តែដោយសារតែជំនាញ និងទេពកោសល្យ មិនចាញ់ក្រុមហ៊ុនផលិតឡានធំៗនេះហើយ ពួកគេក៏បានប្រែក្លាយមតិរិះគន់ ឱ្យទៅជាការកោតសរសើរ និងអាចឆក់យកបេះដូងអ្នកទស្សនាបានរាប់លាននាក់ឯណ្ណោះ៕






















