បែកធ្លាយរូបរាង Range Rover ឆ្នាំ ២០២២ មុនពេលចេញជាផ្លូវការ ៥ថ្ងៃទៀត

ក្រុមហ៊ុន Land Rover បានធ្វើការបញ្ជាក់អំពីការបង្ហាញចេញនូវរថយន្ត​ Range Rover ជំនាន់ថ្មីរបស់ខ្លួន ដោយធ្វើឡើងនាថ្ងៃទី ២៦ ខែតុលា ខាងមុខនេះ។ ខណៈពេលសល់ត្រឹមចំនួន ៥ថ្ងៃទៀត រថយន្ត SUV ជំនាន់ទី៥ថ្មីនេះ ត្រូវបានគេលួចបញ្ចេញនៅលើបណ្តាញសង្គម Instagram ដោយមានឈ្មោះ Driven Hard, Jons Garage និង Cochespias

តាមរយៈរូបភាពដែលបានបង្ហាញចេញនេះ ឃើញថារថយន្ត Range Rover ឆ្នាំ២០២២ មានរូបរាងដូចគ្នាទាំងស្រុងនឹងម៉ូឌែលកន្លងចាប់ពីផ្នែកខាងមុខ រហូតដល់ផ្នែកជំហៀង។ វាបានបំពាក់ថ្មីជាមួយប៉ាណាប្រភេទ Shallower, រន្ធខ្យល់ខាងមុខ, កាងមុខ និងបន្ទះប៉ាណានៅលើទ្វាជំហៀងថ្មីផងដែរ។ ប៉ុន្តែក្រឡេកទៅមើលផ្នែកខាងក្រោយ វាបានផ្លាស់ថ្មីស្ទើរទាំងស្រុង ជាពិសេសទៅលើស្តុបទាំងសងខាង មានរាងជាបញ្ឈថ្មីតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Range Rover ជំនាន់ទី ៥ថ្មីនេះ នឹងផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុនគឺ MLA Flex Platform ព្រមទាំងបង្ហាញខ្លួនជាមួយជម្រើសថ្មីប្រភេទ Plug-in Hybrid និងប្រភេទអគ្គិសនីសុទ្ធ។ សម្រាប់ព័ត៌មានលម្អិត និងផ្លូវការ ក្រុមការងារខេមបូអូតូនឹងបង្ហាញចេញនៅពេលរថយន្ត SUV នេះបង្ហាញខ្លួនជាផ្លូវការ នាថ្ងៃទី ២៦ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម