ចេញរូបរាងហើយឡានអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Xiaomi

[បរទេស] បន្ទាប់ពីមានដំណឹងនៃការឈានជើងចូលទីផ្សាររថយន្តតាំងពីឆ្នាំ ២០២១ ពេលនេះក្រុមហ៊ុន Xiaomi បានឈានដល់ដំណាក់កាលនៃការចាប់ផ្តើមផលិតផលពាណិជ្ជកម្មដំបូងរបស់ខ្លួនគឺម៉ូដែលរថយន្តអគ្គិសនី MS11 ហើយរូបភាពជាក់ស្តែងមួយចំនួននៃរថយន្តនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមក្នុងប្រទេសចិន។

MS11 មានការរចនាដូចរថយន្ត Sportback ទូទៅ ដោយមានដំបូលជម្រាលចុះក្រោម រួមផ្សំជាមួយនឹងការរចនាដៃទ្វារលាក់ចូលក្នុងដើម្បីធ្វើឱ្យ MS11 កាន់តែមានភាពទាក់ទាញ និងជំនួយដល់ប្រព័ន្ធ Aerodynamic កាន់តែល្អ។ ព័ត៌មានលម្អិតផ្នែកខាងក្រៅជាច្រើននៃ MS11 ត្រូវបានបំផុសគំនិតដោយម៉ាកយីហោធំៗនៅលើពិភពលោកដូចជា សំណុំ​ចង្កៀង​មុខជាប្រភេទ LED ដូចទៅនឹង​រថយន្ត​ McLaren ចង្កៀង​ក្រោយ LED វែង​មាន​រចនាបថ Aston Martin ឬ Porsche។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថាសកង់​​រចនាជាអក្សរ”Y” ស្រដៀង​នឹង​រថយន្ត​ Lamborghini Huracán EVO បំពាក់ដោយហ្វ្រាំងប្រភេទ Brembo ជាមួយនឹងដុំហ្រ្វាំង calipers ពណ៌លឿង។ ក្នុងនោះ​ រូបភាព និងព័ត៌មានលម្អិតនៃផ្នែកខាងក្នុងមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

យោងតាមសារព័ត៌មាន Car News China បានឱ្យដឹងថា Xiaomi MS11 នឹងត្រូវបានបំពាក់ដោយកញ្ចប់អាគុយអគ្គិសនីដែលផ្គត់ផ្គង់ដោយ CATL និង BYD ខណៈពេលដែលម៉ូទ័រអគ្គិសនីនឹងត្រូវបានបង្កើតឡើងដោយខ្លួនឯង។ គូប្រជែងដ៏សំខាន់របស់ Xiaomi នាពេលអនាគតអាចជា Afeela ដែលជាម៉ាកយីហោក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Honda និង Sony ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម