[ទីផ្សារបរទេស] ក្រោយការបង្ហាញរូបភាព teaser ដំបូងសម្រាប់រថយន្ត Lexus RX ជំនាន់ថ្មី ដែលជាស៊េរីឆ្នាំ២០២៣ នាពេលនេះមានការបែកធ្លាយរូបភាពដែលទំនងជាបង្ហាញអំពីរចនាបថខាងក្រោយនៃរថយន្តជំនាន់ថ្មីនេះ ហើយថែមទាំងបានឲ្យតម្រុយពីការដាក់ឈ្មោះនៃរថយន្តនេះថែមទៀតផង។
រូបរាងខាងក្រោយ ដែលបានបែកធ្លាយតាមរយៈរូបភាព បានបង្ហាញថាវាមានរចនាបថស្រដៀងទៅនឹងរថយន្ត NX ជំនាន់ថ្មី គឺមានអំពូលដែលតភ្ជាប់គ្នាមួយខ្សែ ហើយមានការប្រើប្រាស់ផ្លាកអក្សរ Lexus នៅចំកណ្ដាលផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺគេសង្កេតឃើញផ្លាក RX 500h នៅផ្នែកខាងក្រោយនេះថែមទៀត។
រថយន្ត Lexus RX មានខ្ពស់បំផុតគឺត្រឹម 450h ដែលការកើនឡើងនៃលេខនេះទំនងជាសញ្ញាបញ្ជាក់ថា Lexus RX ជំនាន់ថ្មីដែលប្រើម៉ាស៊ីន Hybrid អាចនឹងមានថាមពលខ្លាំងក្លាជាង Hybrid បច្ចុប្បន្នដែលផលិតកម្លាំងបាន ៣០៨សេះ និងប្រើម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង។
ត្បិតថាមិនទាន់មានការបញ្ជាក់ ប៉ុន្តែគេអាចរំពឹងថារថយន្ត RX និង RX Hybrid ជំនាន់ថ្មីនឹងប្រើម៉ាស៊ីនថ្មី ប្រភេទ turbocharged ចំណុះ២,៤លីត្រ ៤ស៊ីឡាំង ដូចដែលមានប្រើលើរថយន្ត NX ជំនាន់ថ្មី ដែលអាចផលិតកម្លាំងបាន ២៧៥សេះ៕